(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើលិខិតចូលរួមមរណទុក្ខជូនចំពោះក្រុមគ្រួសារសពលោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៩:៣០ នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

តាមរយៈសាររំលែកមរណទុក្ខ លោក ម៉ប់ សារិន បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «តាងនាមសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត តំណាងឱ្យក្រុមប្រឹក្សារាជធានី-ខេត្ត នៅទូទាំងប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីរន្ធត់ក្តុកក្តួលចិត្តឥតឧបមា ដោយទទួលដំណឹងថា ឯកឧត្តម សុខ វុទ្ធី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៩:៣០នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមសំដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារសាច់ញាតិទាំងអស់ ដែលបានបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រពៃ ព្រមទាំងជាការបាត់បង់ឥស្សរជនឆ្នើមមួយរូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេសនៅក្នុងតួនាទីចុងក្រោយរបស់ឯកឧត្តម ជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣នេះ។

ដើម្បីចូលរួមមរណទុក្ខ ខ្ញុំសូមចូលរួមថវិកាមូលនិធិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត សម្រាប់ការរៀបចំពិធីបុណ្យសព ចំនួន ៤,០០០,០០០ រៀល។

ខ្ញុំសូមសំដែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ វុឌ្ឍ និងសូមឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធឯកឧត្តមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមទទួលនូវការគោរព និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតអំពីខ្ញុំ»៕