(សៀមរាប)៖ ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ជាបន្តបន្ទាប់ នៅថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២២ មានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថាន អាស៊ាន បូក៣ បូកចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បីពិនិត្យមើលពីវឌ្ឍនភាព នៃការអនុវត្តកិច្ចសហប្រតិបត្តិការ ដែលប្រទេសរដ្ឋសមាជិកអាស៊ាន បានឯកភាពគ្នានៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ និងបន្តពង្រឹងពង្រីក ភាពជាដៃគូរវាងអាស៊ាន បូក៣ ឱ្យកាន់តែល្អប្រសើរថែមទៀត តាមតម្រូវការក្នុងក្របខ័ណ្ឌនៅក្នុងតំបន់លើវិស័យបរិស្ថាន។

នៅក្នុងរយៈពេលពីរថ្ងៃនេះ ដែរ កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន-អាមេរិក និងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ក៏នឹងត្រូវរៀបចំឡើងផងដែរ ដើម្បីពិភាក្សាគ្នាស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រ ក្រសួងបរិស្ថាន បានសំដែងការរំពឹងទុកពីលទ្ធផលលើការការឯកភាពគ្នាជាច្រើនផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន កាន់តែមានប្រសិទ្ធភាព នៃបណ្តាប្រទេសក្នុងតំបន់ ជាមួយដៃគូសហការនានា៕