(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងលោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងចែកអំណោយរបស់លោកស្រីបណ្ឌិត ម៉ែន សំអន ចែកជូនប្រជាពលរដ្ឋចំនួន៣០២គ្រួសារនៅភូមិកាលមេឃ ដែលរងគ្រោះដោយទឹកជំនន់នៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

តាមរបាយការណ៍របស់លោក គៀង សេងគី មរឃុំត្បូងក្រពើ បានលើកឡើងពីចំនួនបងប្អូនប្រជាពលរដ្ឋនៅភូមិកាលមេឃ ដែលរងគ្រោះដោយទឹកជំនន់មានចំនួន៣០២គ្រួសារ។ ចំពោះទឹកជំនន់ ជន់ឡើងរងការប៉ះពាល់ផ្លូវកៅស៊ូ ដែលទឹកហូរកាត់មានប្រវែង៦០០ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហមប្រវែងប្រមាណជាង ២.៣០០ម៉ែត្រ ក្នុងនោះក៏មានរងផលប៉ះពាល់ជាច្រើន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតផលដំណាំ និងសត្វពាហនៈ ជួបកាលលំបាករកទីទួលសុវត្ថិភាព ប្រជាពលរដ្ឋខ្វះស្បៀងអាហារផងដែរ។

លោក ញ៉ឹក បានខេង បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីលោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកឧកញ៉ា ផែ ហូរឈួន ព្រមទាំងសប្បុរសជន តែងតែយកចិត្តទុកដាក់ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកតែងតែយកចិត្តទុកដាក់ជុំវិញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយ អត់ស្បៀងនោះឡើយ។

លោកបានបន្ថែមទៀតថា នៅក្នុងរដូវវស្សានេះខេត្តយើងក៏មិនខុសពីខេត្តដទៃទៀតនោះដែរ ទទួលរងគ្រោះទឹកជំនន់ ជន់ដោយទឹកភ្លៀងនៅរដូវវស្សានេះ។ ទឹកជន់ឡើងខ្លាំងបណ្ដាលឱ្យខូចខាតហេដ្ឋារចនាសម្ពន្ធ តែនៅពេលទឹកស្រក ទៅវិញ ត្រូវជួសជុលស្ដារហេដ្ឋារចនាសម្ពន្ធឡើងវិញ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តដាក់ក្នុងការផ្ដល់ស្បៀង ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបបញ្ហា និងទុក្ខលំបាកនាពេលនេះ។

ជាចុងក្រោយអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូសបានគ្រប់ៗគ្នា។ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ មើលថែក្មេងៗកុំឲ្យលេងទឹក បណ្ដាលឱ្យគ្រោះថ្នាក់ដោយសារលង់ទឹក។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា និងលុបបំបាត់បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតឡើងនៅក្នុងមូលដ្ឋាន ព្រោះបណ្ដាលឱ្យមានអំពើហិង្សាក្នុងគ្រួសារ។

គួរបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយទឹកជំនន់ចំនួន៣០២គ្រួសារ នៅភូមិកាលមេឃ ក្នុងម្នាក់ទទួលបាន អង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវផងដែរ៕