(ភ្នំពេញ)៖ លោក ស សារិន កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញ ប្រចាំនៅកម្ពុជា ដែលទើបត្រូវបានតែងតាំងជាផ្លូវការ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តជាច្រើនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងនោះមានទាំងការផ្លាស់បទពិសោធន៍ទៅវិញទៅមក ក៏ដូចជាដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីលើកស្ទួយពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរវាងប្រទេសយើងទាំងពីរ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសបើកសម្ពោធជាផ្លូវការកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញ នៅកម្ពុជា នារាត្រីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក ស សារិន បានអះអាងថា ជោគជ័យនៃបេសកកម្មរបស់ស្ថា​នកុលស៊ុលកិត្តិយសប៉ូឡូញ នឹងជាកត្តាដែលមានតម្លៃធំមួយ ទៅក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបណ្តារដ្ឋដទៃទៀត ដែលជាសមាជិកសហភាពអឺរ៉ុប នៅក្នុងប្រទេសកម្ពុជា។

កុងស៊ុលកិត្តិយសរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងបង្កើនការផ្លាស់ប្ដូរអ្នកទេសចរ ធុរកិច្ចជនទៅវិញទៅមក ដែលទាំងអស់នេះយើងគ្រោងនឹងធ្វើ ដោយយើងធ្វើទាំងសងខាងទាំងកម្ពុជាយើងផង ទាំងនៅប៉ូឡូញផង ដើម្បីជជែកពិភាក្សាការងារជាមួយគ្នារឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម»។ តាមរយៈការផ្លាស់ប្ដូរធុរកិច្ចជន និងទេសចរណ៍នេះ នឹងធ្វើឲ្យប្រទេសទាំងពីរអាចស្វែងរកសក្ដានុពលផ្សេងៗជាច្រើនទៀត។

ក្នុងនាមជាកុលស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅកម្ពុជា លោកនឹងទទួលបន្ទុកនូវតួនាទីសំខាន់ៗ ដោយក្នុងនោះរួមមាន ទាំងតួនាទីជួយអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ទេសចរណ៍ អប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងវប្បធម៌រវាងសាធារណរដ្ឋប៉ូឡូញ និងកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយលើកកម្ពស់សេដ្ឋកិច្ច វិទ្យាសាស្រ្ត វប្បធម៌ និងភាសារបស់ប៉ូឡូញ។

លោក ស សារិន ក៏បានគូសបញ្ជាក់បន្ថែមថា ការបង្កើតស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញនៅក្នុងប្រទេសកម្ពុជា នឹងជួយពង្រឹង និងធ្វើឲ្យស៉ីជម្រៅថែមទៀត នូវចំណងទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមិត្ត រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។

ដោយឡែក ចំពោះទីតាំងរបស់កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញ ប្រចាំនៅប្រទេសកម្ពុជា ស្ថិតនៅតំបន់បឹងកក់ ក្រោយភោជនីយដ្ឋានវ័នម័រ។ សម្រាប់ម៉ោងធ្វើការបច្ចុប្បន្ននេះបើកទទួលជួបផ្ទាល់នៅរៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៤រសៀល ប៉ុន្ដែសម្រាប់ធុរកិច្ចជន ឬអ្នកទេសចរ ក៏អាចទំនាក់ទំនងបានគ្រប់ពេលតាមរយៈអ៉ីម៉ែល វេបសាយ https://polandconsul.com

យ៉ាងណាមិញ លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក៏បានថ្លែងនូវការស្វាគមន៍ ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសប៉ូឡូញ ដែលនេះត្រូវបានចាត់ទុកថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ (ប៉ូឡូញ-កម្ពុជា)។ លោកថាកុងស៊ុលកិត្តិយសនេះ ក៏មានតួនាទីសំខាន់ក្នុងការដើរតួនាទីជាស្ពាន ពិសេសរវាងរដ្ឋាភិបាល អ្នកជំនួញ ការសម្របសម្រួលវប្បធម៌ និងការផ្លាស់ប្តូរការសិក្សាផងដែរ។

បើតាមលោកឯកអគ្គរដ្ឋទូត នៅក្នុងវិស័យសេដ្ឋកិច្ច ប៉ូឡូញបានក្លាយជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប៉ូឡូញ មានការកើនឡើងជាវិជ្ជមាន ដោយបានឈានដល់៥៩០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលតួលេខនេះកើនឡើងជាង៣០ភាគរយ បើធៀបនឹងរយពេលដូចគ្នាកាលពីឆ្នាំ២០២០៕