(ភ្នំពេញ)៖ គណៈកម្មការទន្លេមេគង្គ (MRC) ប្រកាសបើកកម្មវិធីប្រកួតប្រជែងដ៏ពិសេសមួយ ដែលជួយជំរុញឱ្យនិស្សិតសាកលវិទ្យាល័យក្នុងតំបន់ រៀបចំបង្កើតបច្ចេកវិទ្យាប្រកបដោយចីរភាព និងប្រសិទ្ធភាព ដើម្បីតាមដានពីកម្រិតទឹកទន្លេមេគង្គ បរិមាណភ្លៀងធ្លាក់ សំណើមដី និងគុណភាពទឹក។

ពិធីសម្ពោធកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាសម្រាប់តាមដានទន្លេរបស់ MRC រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិត ដែលមានគំនិតច្នៃប្រឌិតខ្ពស់ នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដែលមកពីសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យទាំង១៥ ដែលបានជ្រើសរើសជាមុន សម្រាប់តំបន់អាងទន្លេមេគង្គក្រោមទាំងមូល ដើម្បីជួយថែគាំពារជីវិតរាប់លាននាក់នៃក្រុមគ្រួសារអ្នកនេសាទ និងប្រជាកសិករ។

MRC បានធ្វើការថែទាំស្ថានីយតាមដានជាង២៥០ ដែលធ្វើការតាមដានជលសាស្ត្រ បរិមាណភ្លៀងធ្លាក់ គុណភាពទឹក សុខភាពអេកូឡូស៉ី ជលផល និងគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ទន្លេធំជាងគេប្រចាំតំបន់អាស៉ីអាគ្នេយ៍នេះ។ ក៏ប៉ុន្តែ ភាគច្រើននៃបច្ចេកវិទ្យាតាមដានទាំងនេះ ពឹងអាស្រ័យខ្លាំងលើបរិក្ខារ សម្ភារៈ ពីបរទេស ដែលជាញឹកញាប់ វាមានតម្លៃថ្លៃ និងពេលខ្លះទៀត វាហួសសម័យ។

ខណៈដែល MRC ឱ្យតម្លៃលើដៃគូអន្តរជាតិរបស់ខ្លួននោះ លោកបណ្ឌិត អនុល័ក ខិធិឃួន នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានលើកឡើងថា ដំណោះស្រាយក្នុងស្រុកគួរតែមានតម្លៃទាប អាចកសាងសមត្ថភាពមន្ត្រីជំនាញតាមមូលដ្ឋាន និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀត តួយ៉ាងដូចជាការបណ្តុះគំនិតដែលថា ប្រជាជនតាមដងទន្លេមេគង្គ អាចមានសមត្ថភាពដោះស្រាយបញ្ហាទន្លេមេគង្គបាន តាមរយៈនវានុវតន៍ផ្នែកបចេ្ចកវិទ្យា។

លោកបណ្ឌិត ខិធិឃួន ថ្លែងថា «យើងរំពឹងនឹងជួយជំរុញយុវជនទន្លេមេគង្គរបស់យើង សម្រេចឲ្យបាននូវសក្តានុពលពិតប្រាកដរបស់ខ្លួន និងផ្តល់នូវការឆ្លើយតបបែបច្នៃប្រឌិត ដែលអាចដោះស្រាយបញ្ហាប្រឈមដ៏លំបាកជាច្រើនរបស់យើង។ នេះ គឺជាពេលវេលាសម្រាប់អ្នក និងសម្រាប់យើង ដើម្បីបញ្ជាក់ថា ខ្លួនយើងផ្ទាល់ អាចអភិវឌ្ឍបច្ចេកវិទ្យាដែលតែងតែបង្កើតឡើងនៅឆ្ងាយពីយើងបាន។ អ្នកនឹងភ្ញាក់ផ្អើលពីអ្វីដែលអ្នកអាចធ្វើបាន ធ្វើសម្រាប់ខ្លួនអ្នក សាកលវិទ្យាល័យ សង្គម និងសម្រាប់ទន្លេមេគង្គតែមួយគត់របស់អ្នក»

សម្រាប់កម្មវិធីប្រកួតនេះ ភារកិច្ចជាក់លាក់ គឺការបង្កើតឧបករណ៍ចាប់សញ្ញាទូរមាត្រវិទ្យា (telemetry-sensor technology) ដែលអាចវាស់ស្ទង់ផ្នែកទាំងបួនដាច់ពីគ្នាបាន នោះគឺកម្រិតទឹក បរិមាណភ្លៀងធ្លាក់ សំណើមដី និងគុណភាពទឹក។ ជាទូទៅ ឧបករណ៍ចាប់សញ្ញាបែបនេះ ត្រូវបានគេបំពាក់នៅក្នុងស្ថានីយដាច់ដោយឡែក ឬនៅខាងក្រៅលើច្រាំងទន្លេ ជាពិសេសក្នុងតំបន់កសិកម្ម។ បេក្ខជនប្រកួត គួរតែរៀបចំបង្កើតស្ថានីយមួយ សមស្របទៅនឹងភូមិសាស្រ្ត ទីតាំង អាកាសធាតុ និងមុខងាររបស់ខ្លួន ហើយស្ថានីយនេះអាចប្រតិបត្តិការបានដោយថាមពលពន្លឺព្រះអាទិត្យ និងមានសមត្ថភាពប្រមូល និងបញ្ជូនទិន្នន័យទូរមាត្រវិទ្យាពីស្ថានីយ ទៅកាន់ម៉ាស៉ីនមេ តាមពេលវេលាជាក់ស្តែង។

ជ័យជម្នះចូលរួមការប្រកួត នឹងត្រូវវិនិច្ឆ័យ ដោយយោងលើសុក្រិតភាព ភាពធន់ ប្រសិទ្ធភាពចំណាយ និងនវានុវតន៍។

កម្មវិធីប្រកួតនេះ បើកទូលាយសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យដៃគូទាំង១៥ ដែលមានទីតាំងក្នុងប្រទេសសមាជិកទាំងបួនរបស់ MRC ក្នុងប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម។

និស្សិត អាចចូលរួមការប្រកួតនេះ ជាលក្ខណៈបុគ្គល ឬជាក្រុម ក្រោមការដឹកនាំរបស់ទីប្រឹក្សាម្នាក់មកពីសាកលវិទ្យាល័យរបស់ខ្លួន។ ដោយហេតុថា សាកលវិទ្យាល័យនីមួយៗ អាចដាក់ស្នើគូប្រកួតបានតែម្នាក់ ឬ មួយក្រុម សរុបទាំងអស់សម្រាប់ផ្នែក (វិញ្ញាសា) ទាំងបួន គេត្រូវតែកំណត់យកបេក្ខជន ឬ ក្រុមដែលមានសក្តានុពលសំណើខ្លាំងបំផុត។ បន្ទាប់មក បេក្ខជននឹងត្រូវបានអញ្ជើញទៅទីក្រុងបាងកក ដើម្បីបង្ហាញគំនិតរបស់គេទៅកាន់គណៈវិនិច្ឆ័យ នៃលេខាធិការដ្ឋាន MRC។ គម្រោងដែលបានទទួលយក នឹងទទួលបានថវិកា ៨០០ដុល្លារអាមេរិក ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍគំរូដើមរបស់គេ។

នៅចុងខែមីនា បេក្ខជននីមួយៗ នឹងធ្វើបទបង្ហាញគំរូដើម ទៅកាន់ក្រុមគណៈវិនិច្ឆ័យអន្តរជាតិ នៅទីក្រុងវៀងចន្ទ ដែលនឹងធ្វើការជ្រើសរើសក្រុមជ័យលាភីទាំងបួន ពោលគឺមួយក្រុម សម្រាប់មួយផ្នែក/វិញ្ញាសា។

ក្រៅពីទទួលបានប្រាក់រង្វាន់ចំនួន ៥.០០០ ដុល្លារអាមេរិក បេក្ខជនជ័យលាភី នឹងទទួលបានការអញ្ជើញទៅទីក្រុងវៀងចន្ទ ដើម្បីធ្វើបទបង្ហាញពីគម្រោងទៅកាន់ប្រមុខរដ្ឋាភិបាលក្នុងតំបន់ និងឥស្សរជនចូលរួមផ្សេងទៀត នៅខែមេសា ឆ្នាំ២០២៣ ទាំងនៅក្នុងកិច្ចប្រជុំកំពូល MRC លើកទី៤ និងសិក្ខាសាលាអន្តរជាតិ មុនកិច្ចប្រជុំកំពូលរបស់ MRC។

បន្ទាប់ពីនោះ បេក្ខជនជ័យលាភី នឹងធ្វើការជាមួយ MRC ដើម្បីអនុវត្តបច្ចេកវិទ្យាដ៏ជោគជ័យរបស់ខ្លួន សម្រាប់ទន្លេមេគង្គ៕

សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីប្រកួតប្រជែង និងរបៀបដាក់ពាក្យ សូមមើលនៅទីនេះ៖ https://www.mrcmekong.org/news-and-events/articles-and-stories/new-story-mrc-university-competition/