(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានបន្តបើកសវនាការលើសំណុំរឿង «រួមគំនិតក្បត់» របស់ទណ្ឌិត សម រង្ស៉ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ រួមទាំងបក្ខពួកសរុប ៣៧នាក់។

នៅក្នុងបន្ទប់សវនាការ គេសង្កេតឃើញវត្តមានជនជាប់ចោទតែ៣នាក់ប៉ុណ្ណោះ ដែលត្រូវគេនាំចេញពីពន្ធនាគារ (ម១) ដូចលើកមុនៗដែរ។ ក្រៅពីនេះ លោក សម រង្ស៉ី និងមេខ្លោងដែលជាជនជាប់ចោទក្នុងសំណុំរឿង «រួមគំនិតក្បត់» ដទៃទៀត មិនមានវត្តមានក្នុងបន្ទប់សវនាការទេ។ ក្នុងសវនាការនោះដែរ គេសង្កេតឃើញវត្តមានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងតំណាងអង្គទូតមួយចំនួន។

សវនាការជំនុំជម្រះមាន សមាសភាព លោកស្រី អ៊ុក រ៉េគន្ធា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមប្រឹក្សា, លោកស្រី យី សុខវួច ជាចៅក្រមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ។

បន្ទាប់ពីណើរការអង្គសវនាការអស់ពេញមួយព្រឹកមិនបានបញ្ចប់ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ បានសម្រេចលើកយកសំណុំរឿងនេះ ទៅបន្តសវនាការជាថ្មី នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ ខាងមុខទៀត។

សូមរំលឹកថា ករណី «រួមគំនិតក្បត់» នេះ ក្រុមជនត្រូវចោទបានប្រព្រឹត្ត កាលពីកំឡុងឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត ជាមួយនឹងផែនការប្រកាសវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

មេខ្លោងក្នុងសំណុំរឿងនេះ រួមមាន ទណ្ឌិត សម រង្ស៉ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក នុត រំដួល, លោក ម៉ែន សុថាវរិទ្ទ្រ, លោក ឡុង រី, លោក អ៊ូ ច័ន្ទឫទ្ធិ និងលោកហូរ វ៉ាន់ ផងដែរ។ ក្រៅពីនោះជាសមាជិកអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ៕