(បន្ទាយមានជ័យ​)៖ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២២​នេះ​ បានអញ្ជើញជួបសំណេះសំណាល និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀងចំនួន១១២គ្រួសារ​ នៅសង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​។

ក្នុងនាមប្រធានក្រុមការងារ​ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា​ ជំនន់ទឹកភ្លៀងតែងតែនាំមកនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ និងទ្រព្យសម្បត្តិ​ ផលដំណាំ​ សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ​ ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែរួមសហការជាកំលាំងសរុប​ មធ្យោបាយសរុប​ ដើម្បីបង្ការទប់ស្កាត់​ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា យកចិត្តទុកដាក់ចំពោះកុមារតូច ចាស់ជរា ស្រ្តីមានផ្ទៃពោះ ។ល។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្ថែមចាប់តាំងពីដំណាក់កាលដ៏លំបាកបង្កដោយជំងឺរាតត្បាតកូវីដ១៩ ​មកវិស័យកសិកម្មពិតជាបានជួយដល់ជិវភាពប្រជាពលរដ្ឋយើ ​ដូចនេះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវស្ដារវិស័យកសិកម្ម រក្សាទឹកទុកធ្វើស្រូវប្រាំង ចិញ្ចឹមសត្វ​ និងដាំបន្លែ​ បង្កើតការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ​នៅពេលទឹកស្រកចុះទៅវិញ។

ថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងនូវការចូលរួមសោកស្តាយ​ចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិ និងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារ ដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​សែន ​ដែលនាំមកចែកជូន ដើម្បីសម្រាលនូវការលំបាកដល់ប្រជាពលរដ្ឋ​ចំនួនសរុប១១២គ្រួសារ នៅក្រុងសិរីសោភ័ណ ដោយក្នុង០១គ្រួសារៗទទួល បានរួមមាន៖ ​អង្ករ ១០គីឡូក្រាម មី ១កេស ត្រី ខ៥កំប៉ុង​ ទឹកស៊ីវអ៊ីវ៣ដប ទឹកត្រី៣ដប​ ធូបមូស៥ប្រអប​ មុង១ សាប៊ូ​ដុសខ្លួន ២ដុំទឹកសុទ្ធ (ថ្នាំប៉ារ៉ា​២បន្ទះ​ បេតាឌីន​ ១ដប) សារុង១​ ថវិកា២ម៉ឺនរៀល, ជូនគ្រួសារដែលមាន សមាជិកស្លាប់ដោយទឹកជំនន់០១គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺនរៀល នគរបាល​ កងរាជអាវុធហត្ថ​ ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុម​ថវិកា៥០ម៉ឺនរៀល ក្រុមយុវជនគ្រប់ថ្នាក់​ ៦០នាក់​ ម្នាក់ៗ​ ថវិកា១ម៉ឺនរៀល, អតីតចៅសង្កាត់ព្រះពន្លា​ថវិកា​៥០ម៉ឺនរៀល​ និងកុមារតូចៗ​ ១លានរៀល​ផងដែរ។

តាមរបាយការណ៍របស់លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា​ ក្រុងសិរីសោភ័ណ មានប៉ះពាល់ដោយជំនន់ទឹកភ្លៀង​ចំនួន ៤សង្កាត់​ មានគ្រួសាររងផលប៉ះពាល់ចំនួន ៤០៥គ្រួសារ ជម្លៀសបាន៤៦គ្រួសារ លង់ទឹកស្លាប់ ១នាក់ ប៉ះពាល់ស្រូវ ៥៨០ហិកតា ដំណាំរួមផ្សំ៤ហិកតា និងផ្លូវ៣៤កន្លែង ប្រវែង១០,៨៧០ម៉ែត្រ៕