(ស្វាយរៀង)៖ មេឃភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងមានរន្ទះបាញ់ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៥នាក់ ខណៈជនរងគ្រោះកំពុងឃ្វាលក្របី និងចូលអង្គុយជ្រកភ្លៀងនៅវាលស្រែក្រោមដើមអាកាស្យា កាលពីវេលាម៉ោង ៣៖៣៥នាទីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមនគរបាលស្រុក បានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃឹម សាន អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទិ៍។ ចំណែកជនរងគ្រោះទាំង៥នាក់ ត្រូវបានក្រុមគ្រួសារ យកមកព្យាបាលនៅមន្ទីររៀងៗខ្លួន។

បើតាមស្ត្រីរងគ្រោះនៅក្នុងហេតុការណ៍រន្ទះបាញ់ បានឱ្យដឹងថា៖ «មុនពេលកើតហេតុមានភ្លៀងធ្លាក់ខ្លាំងហើយគាត់ និងអ្នកភូមិចំនួន ៥នាក់ទៀត បានរត់មកជ្រកភ្លៀង ក្រោមដើមអាកាស្យាទាំងអស់គ្នា នៅគ្រានោះបុរសរងគ្រោះបានឈរតែម្នាក់ឯងបន្ទាប់មកស្រាប់តែលឺសូរសម្លេងរន្ទះបាញ់មួយគ្រាប់ចំបុរស ឈ្មោះ ឃឹម សាន ដួលដាច់ផ្ងើស្លាប់ភ្លាមៗ និងរបួសធ្ងន់ស្រាល៥នាក់ បង្កការភ្ញាក់ផ្អើលតែម្ដង»

ប្រភពបានបន្តថា ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងពិនិត្យធ្វើកោសលវិច្ច័យសហការជាមួយគ្រូពេទ្យដោយសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាព និងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗ ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលាផងដែរ៕