(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ​នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ក៏ដូចជាធ្វើបទបង្ហាញដល់ដៃគូគាំទ្រ ខណៈដែលមហោស្រពនេះបានខកខានរៀបចំ ២ឆ្នាំហើយ ដោយសារតែជំងឺរាតត្បាតជាសកលកូវីដ១៩។

ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍសមត្ថភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ និងបិទវិញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅឯសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ត្រូវបានបង្កើតឡើងឆ្លាស់គ្នាជាមួយនឹងមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា រៀងរាល់ ២ឆ្នាំម្តង ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាសេនាធិការ។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ ប្រារព្ធឡើងនៅឆ្នាំ២០១៨ តែខកខាននៅឆ្នាំ២០២០ ខណៈមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា ត្រូវបានខកខាននៅឆ្នាំ២០១៩ តែបានរៀបចំនៅឆ្នាំ២០២១ ជាលើកទី៥។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងដើម្បីផ្សព្វផ្សាយបន្ថែមលើសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសការធ្វើបទបង្ហាញជូនដល់ដៃគូគាំទ្រ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីគុណសម្បត្តិ នៃការរៀបចំកម្មវិធីដ៏សំខាន់មួយនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បញ្ជាក់ថា ការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ក៏មានការប្រកួតប្រជែង ដោយការទទួលយកខ្សែភាពយន្តខ្នាតខ្លីរបស់ផលិតករ មកវាយតម្លៃផ្តល់ជ័យលាភី និងរង្វាន់ផងដែរ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ផងដែរ។ ផុតកំណត់នៃការទទួលពាក្យចូលរួមប្រកួត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំពោះគោលការណ៍វិនិច្ឆ័យជ្រើសរើស និងសិទ្ធិចាក់បញ្ចាំង ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ ដែលបានចូលរួមនឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានា នៅរាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២២០២២។

ចំពោះជ័យលាភី និងរង្វាន់ រួមមាន៖

* ស្នាដៃភាពយន្តដែលត្រូវបានជាប់ជាជ័យលាភីលេខ១ ទទួលបានពានមាស អមដោយថវិកា ១២.០០០.០០០ រៀល, ជ័យលាភីលេខ២ ទទួលបានពានប្រាក់ អមដោយថវិកា ៨.០០០.០០០ រៀល និងជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ អមដោយថវិកា ៤.០០០.០០០ រៀល។
* រង្វាន់លើកទឹកចិត្ត៖ ជ័យលាភីទស្សនិកជន ទទួលបានពានលើកទឹកចិត្ត៕