(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងបង្ហាញពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២។ នេះបើតាមលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ បានបញ្ជាក់ថា បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមនៅក្នុងការប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ នៅ «មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក» ដែលមានទីតាំងស្ថិត នៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៩៖០០នាទី នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ បេក្ខជនត្រូវអនុវត្តវិធានការសុខាភិបាលក្នុងបរិវេណមណ្ឌលប្រឡុង ដោយត្រូវរក្សាគម្លាត និងពាក់ម៉ាស លើកលែងអនុរក្សស្នើសុំឲ្យដោះម៉ាសដើម្បីផ្ទៀងផ្ទាត់។ ចំពោះព័ត៌មានផ្សេងៗ បេក្ខជនអាចធ្វើការទំនាក់ទំនងទៅតាមទីកន្លែងដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡង៕