(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ក្រុមការងារបច្ចេកទេស​ បន្តអនុវត្តការងាររបស់ខ្លួន​ឱ្យ​ជាប់ជាប្រចាំ​ ទាក់ទងនឹងការចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា ដែលសំបូរទៅដោយទឹកភ្លៀងធ្លាក់ជោគជាំនាឆ្នាំនេះ ដោយមិនត្រូវទុកផ្លូវនោះចោល បង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដូចនេះ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមកពីអង្គភាពក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះក៏ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗ​ទាក់ទងនឹងការអនុវត្ត​គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការងារដឹកជញ្ជូនតាមផ្លូវទឹក ការងារទឹកកខ្វក់ ការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាថ្មីៗ វឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងការ​បំពាក់មេដាយ​ជូនក្រុមការងារបច្ចេកទេសក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលមានស្នាដៃល្អក្នុងការសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ។

អង្គប្រជុំបានពិភាក្សាដោយផ្តោតជាសំខាន់លើការងាររួមមាន៖

១៖ បញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលនៃការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដំណោះស្រាយ​ដើម្បី​ទប់ស្កាត់​សកម្មភាពខុសច្បាប់ ក្នុងន័យជំរុញឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនអាចប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាព។

២៖ ការធ្វើឱ្យប្រសើរឡើងការប្រមូលកម្រៃពីការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចែករំលែកទិន្នន័យប្រតិបត្តិការ ធានាតម្លាភាពអាជីវកម្មក្រុមហ៊ុន និងសុវត្ថិភាព​ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋតាមរយៈយន្តការបច្ចេកវិទ្យា DIP ដែលជាបច្ចេកវិទ្យាទំនើបជួយកាត់បន្ថយពេលវេលា និងផ្តល់ភាពងាយស្រួលដល់​អ្នកប្រើប្រាស់​ផ្លូវល្បឿនលឿន។

៣៖ វឌ្ឍនភាពគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាផ្នែកមួយជំរុញការដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។

៤៖ វឌ្ឍនភាពការងារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏មានសារៈសំខាន់ជួយកាត់បន្ថយការបំពុលបរិស្ថានដោយសារទឹកកខ្វក់ និងជួយលើកស្ទួយសោភ័ណភាពក្រុងព្រះសីហនុឱ្យកាន់តែល្អប្រសើរ ។

៥៖ បញ្ហាស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ជាពិសេសកំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រ ដែលកំពុងរងការខូចខាតយ៉ាងខ្លាំង ដើម្បីរកដំណោះស្រាយ​សម្រាប់ការធ្វើឱ្យប្រសើរឡើងវិញតាមរយៈបច្ចេកទេសពិសេស (ការកាយដីស្អុយជម្រៅ១៨ម៉ែត្រចេញ)។

៦៖ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយគ្រោះទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្តនៅក្នុងឆ្នាំ២០២២ ដោយសារគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង និងវិធានការ​បន្ទាន់សម្រាប់ការស្តារជួសជុលបន្ទាន់ឡើងវិញ។

៧៖ វឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៤ ដែលកំពុងធ្វើការជួសជុលឡើងវិញស្របតាមស្តង់ដារ និងលក្ខណៈបច្ចេកទេស។

បន្ទាប់ពីអង្គប្រជុំក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ សំដៅឱ្យគម្រោងការងារដែលកំពុង និងត្រៀមរៀបចំអនុវត្ត សម្រេចបាន​ដោយជោគជ័យតាមផែនការ ដែលបានគ្រោងទុក លោកទេសរដ្ឋមន្ត្រី ចាន់ថុល ក៏បានផ្តល់ជាមតិយោបល់ និងអនុសាសន៍ណែនាំល្អៗ ដើម្បីជាជំនួយក្នុងការ​យកទៅ​អនុវត្តគម្រោងការងារទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពការងារខ្ពស់ផងដែរ។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកសមាជិកានៃក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង​បំពេញ​ការងារ​តាមជំនាញរបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឱ្យមន្រ្តីរាជការ ទាំងអស់ខិតខំប្រឹង​ប្រែង​បំពេញការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងប្រកបដោយមនសិការបន្តទៀត ដើម្បីនាំយកផលប្រយោជន៍ និងភាពរីកចម្រើនជូនជាតិមាតុភូមិ៕