(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយ ដែលបានគ្រប់គ្រង និងងើចេញពីវិបត្តិនៃជំងឺកូវី១៩ បានយ៉ាងល្អប្រសើរ។

ក្នុងឱកាសអញ្ជើញអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្រាដែលពិភពលោកបានបន្ដជួបប្រទះនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅឡើយនោះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឲ្យទៅជាកាលានុវត្តភាព (ឱកាស)។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពរបស់កម្ពុជានោះ គឺតាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅជុំវិញពិភពលោក នៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឲ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា»

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ក្នុងនោះកាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមានការកំណត់នូវការផ្ដល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្តឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិកកសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើម។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែម។

សូមរំលឹកថា ឆ្នាំ២០២១កន្លងទៅ ជាឆ្នាំដ៏លំបាកសម្រាប់ប្រទេសកម្ពុជា និងពិភពលោក បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា ដែលទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវដាក់ចេញវិធានការនានា ក្នុងនោះមានវិធានការរដ្ឋបាល វិធានការសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំងផងដែរ។

តាមរយៈការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងមានទស្សនវិស័យច្បាស់លាស់របស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសការដាក់ចេញនូវអភិក្រម «ផ្ការីក» ក្នុងការចាក់ស្រោចវ៉ាក់សាងនោះ បានធ្វើឲ្យកម្ពុជាមានលទ្ធភាពក្នុងការគ្រប់គ្រង និងទប់ស្កាត់បាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយឈានដល់បើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៩,៩៧៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៨,១០៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៨០៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,៥៨៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២៤,១១៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧១,៣៥៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,២០៣,៥៣០នាក់, ដូសទី៤ចំនួន ៤,៣៥១,១២៧នាក់ និងដូសទី៥ចំនួន ៩០០,៦៩៤នាក់៕