(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរឱ្យ ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់ ដោយការស្តារបារាយនឹងមិនប៉ះពាល់គ្រប់គ្នាទេ ខណៈរាជរដ្ឋាភិបាល នឹងគិតគូរឱ្យបានម៉ត់ចត់បំផុត។

ចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រីភឿង ស​កុ​ណា ចុះទៅពន្យល់ និងដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងថា «យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូអំពីហេ​ដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះមានបារាយខាងកើត ដែលអាចមានទឹករហូតដល់៣០លានម៉ែត្រគីប»

សម្តេចបានបន្ថែមថា ឃុំព្រះដាក់ត្រូវបានកសាងឡើងប្រមាណ៣០០-៤០០ឆ្នាំមុនមកហើយ ហើយឃុំនេះស្ថិតនៅជាឃុំមួយដែលទាក់ទងទៅនឹងផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង ប៉ុន្តែហេតុដូចម្តេចបានជាប្រជាជនចាប់ផ្តើមព្រួយបារម្ភចំពោះរឿងនេះ។

សម្តេចបញ្ជាក់បន្ថែមថា «សូមស្ងប់ស្ងាត់ យើងនឹងគិតគូរឱ្យម៉ត់ចត់ ខ្ញុំនឹងបញ្ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ​ភឿង សកុណា ទៅជួបជាមួយបងប្អូននៅថ្ងៃស្អែក និងមានការជួបជុំដើម្បីពន្យល់»

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ធភាពដាក់ទឹកទៅក្នុងបារាយដើម្បីទ្រទ្រង់អង្គរ។ សម្តេចបញ្ជាក់ថា យើងមិនដាក់ទឹកដល់៣០លានម៉ែត្រគូប ដើម្បីទាញប្រជាជនចេញនោះទេ។ សម្រាប់ដីនៅរុនតាឯក វិញនៅសល់ប្រមាណ២០០ឡូតិ៍ សម្តេចបានបញ្ជាឱ្យចាប់ផ្តើមរៀបចំដីនៅតំបន់ពាក់ស្នែង។ សម្តេចក៏បានបញ្ជាឱ្យរៀបចំវត្តនៅតំបន់នេះផងដែរ។

សម្តេចបានចាត់ទុកថា ករណីនៅឃុំព្រះដាក់ជារឿងទទួលព័ត៌មានមិនច្បាស់ ធ្វើឱ្យមានការយល់ច្រឡំ ដែលរាជរដ្ឋាភិបាល មិនមានការបណ្តេញនោះទេ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងស្តារបាតអាង និងសិក្សាអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ សម្តេចបានលើកឡើងថា ផលប៉ះពាល់នោះមិនមែនពលរដ្ឋមួយឃុំឡើយ៕