(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ ចំនួនក្បាលដី១០១៣ និង៩៧២បណ្ណ័ផ្ដល់ជូនដោយលោក គង់ គេង អភិបាលរងស្រុកប្រាសាទបល្ល័ង្កនិង លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ លោក គង់ គេង បានលើកឡើងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុនេះ ជាប្រភេទប័ណ្ណថ្មី សម្រាប់ស្កេនស្វែង​រកទិន្នន័យវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ នៅលើប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង។

លោកបានបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាអាយុជីវិតរបស់យើង ពិតជាមានតម្លៃណាស់ ដែលជាទ្រព្យសម្បត្តិកម្មសិទ្ធិរបស់យើង។ សូមរក្សាទុកដាក់ឱ្យបានល្អ សូមកុំលក់ដូរ ត្រូវចេះប្រមូល​ផល​ពី​ដីធ្លីរបស់យើង ទៅតាមរដូវកាលនៃការបង្កបង្កើនផល ពីព្រោះដីមិនអាចកើតឡើងទេ ប៉ុន្តែមនុស្សអាច​កើត​បាន​ជា​រៀងរាល់ថ្ងៃ គឺទុកសំរាប់ចែកជូនកូនចៅយើងជំនាន់ក្រោយ។

លោក ជិន ហ៉ីន បានកោតសរសើរខ្ពស់អំពីកិច្ចសហប្រតិបត្តិការ រវាងលោកប្រធានសូរយោដី និងមន្ត្រីសូរិយោដីទាំងអស់ដែលបានខិតខំបំពេញតួទី/ភារកិច្ច ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនបងប្អូននៅក្នុងឃុំសាលាវិស័យបានជំនួន០៦ភូមិ ដោយមិនគិតអំពីផលលំបាក ដូចជារដូវភ្លៀង រដូវទឹកជំនន់អំឡុងកូវីដ-១៩ កំពុងតែផ្ទុះ។

លោកបន្ដថា ពិសេសពាក់ព័ន្ធនឹងការប្រមូលទិន្នន័យ និងឯកសារផ្សេងៗដែលជាផលលំបាកដោយប្រជាពលរដ្ឋមួយចំនួនមិនយល់ច្បាស់អំពីការចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធបងប្អូនម្ចាស់ដីមួយចំនួននៅស្រុកឆ្ងាយ និងបងប្អូនក្នុងមូលដ្ឋានមួយចំនួនបានធ្វើចំណាកស្រុក។

លោកមេឃុំ បានបន្តទៀតថា មកដល់ពេលនេះ ស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រស្រុកយើងបានស្រកបន្តិចហើយ តែយើងត្រូវប្រុងប្រយ័ត្នខ្ពស់​ព្រោះនៅមាន​ឥទ្ធិពល​​នៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជាយើង អាចនឹងមានទឹកជន់កើតឡើង។

ទន្ទឹមនឹងនោះ អាជ្ញាធរឃុំ ក៏ដូចជាអាជ្ញាធរស្រុក ក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាព បន្តចុះមូលដ្ឋាន ដើម្បីពិនិត្យ​មើលស្ថានភាព​ទទឹកនៅក្នុងស្រុក​ទាំងអស់ និងពិនិត្យមើលផលប៉ះពាល់ស្រូវដំណាំ របស់បងប្អូនប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋបាន​ទាន់ពេលវេលា ។

លើសពីនេះទៀតថ្នាក់ដឹកនាំឃុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមសូមរក្សាអនាម័យ ផឹកស្អាតហូបស្អាត ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិចជាដើម។

ម្យ៉ាងវិញទៀតសូមពុកម៉ែបងប្អូនដែលឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោតសូមទៅពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ឲ្យបានត្រឹមត្រូវនូវការិយាល័យចុះឈ្មោះបោះឆ្នោត ហើយអ្នក​ដែលគ្រប់អាយុមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នានិងទៅ​បោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាឃុំ ក៏បានផ្ដល់ជូនជាសារុងចំនួន២២សារុង ម្នាក់ៗទទួលបានសារុងមួយផងដែរ៕