(បាត់ដំបង)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន១៤ហើយ ដែលមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់របស់ក្រសួងបរិស្ថានជាង ៧០០រូប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់។

ការឱ្យដឹងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិជូនមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង មន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ និងមន្ទីរបរិស្ថានខេត្តប៉ៃលិន ចំនួនប្រមាណ១០០នាក់ នៅមន្ទីរបរិស្ថាន ខេត្តបាត់ដំបង នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។

អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន មានមន្ត្រីនគរបាល និងមន្ត្រីអនុវត្តច្បាប់សរុបជាង ១,៤២២នាក់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការបណ្តុះបណ្តាល នេះគឺជាផ្នែកមួយនៃការពង្រឹងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងនឹងការសម្អាតប្រាក់។ លោកបានលើកឡើងថាកិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់សម្រាប់ មន្ត្រីនគរបាលយុត្តិធម៌ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាមួយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

លោកបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

មន្ត្រីជំនាញក្នុងក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។ លោកបានជម្រាបថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។

លោករដ្ឋលេខាធិការ បានលើកឡើងថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមន្ត្រីជំនាញជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តទប់ស្កាត់និងបង្ក្រាបជាប្រចាំ។ សម្រាប់ ៨ខែ ឆ្នាំ២០២២នេះ ពីថ្ងៃទី១ ខែមករា ដល់ខែសីហា មន្ត្រីឧទ្យានុរក្សបានចុះល្បាតចំនួន ១៤,៦៩២លើក បង្ក្រាបបានបទល្មើសចំនួន ៤២៥០ករណី ដែលភាគច្រើនជាបទល្មើសកាប់រុនរានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ ដោយបានដកហូតវត្ថុតាងជាឈើអារចម្រុះចំនួន ៧៥៨ម៉ែត្រគូប ដកហូតវត្ថុតាងជាមធ្យោបាយ ឧបករណ៍សម្ភារក្នុងនោះរួមមានរណាយន្តចំនួន ១,៧២៤គ្រឿង រថយន្ត ៥១គ្រឿង ត្រាក់ទ័រចំនួន ៧គ្រឿង គោយន្តកន្ត្រៃចំនួន ១៣៨គ្រឿង ម៉ូតូ ១៥២គ្រឿង ដោះអន្ទាក់សត្វចំនួន ២៦,៥៨៨អន្ទាក់ ដកហូតអាវុធកែច្នៃចំនួន ៣៤៤ដើម បានធ្វើការអប់រំកិច្ចសន្យាចំនួន ១១៦៧ករណីបានធ្វើពិន័យអន្តរការណ៍ចំនួន ២៥៨ករណី និងបញ្ជូនសំណុំ រឿងទៅតុលាការ ៣៥៣ករណី។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តវិធានការច្បាប់ផង និងវិធានការសេដ្ឋកិច្ចផងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក្នុងនោះបានជំរុញ និងគាំទ្រទាំងបច្ចេកទេសនិងធនធានដល់ប្រជាសហគមន៍ពង្រឹងការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ធ្វើការផ្គត់ផ្គង់គ្រួសារ និងធ្វើការនាំចេញនៅហ្នឹងកន្លែង ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានថ្លែងថា បច្ចុប្បន្ននេះ គឺជារបត់ថ្មីដ៏សំខាន់មួយដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោម ទិសស្លោក«រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា កាលដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។ ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថានបានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំងបីខាងលើ គ្របដណ្តប់ទៅលើផ្ទៃដីប្រមាណ ១,២៧លានហិកតា ស្មើនឹង ១៧.៦ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។ ក្រសួងបរិស្ថានកំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូក សរុបនឹងមានចំនួន ២,៤៦លានហិកតា (ស្មើនឹង ៣៤.១ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)៕