(ព្រៃវែង)៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខតំណាងប្រជាពលរដ្ឋរស់នៅភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅប្រចាំថ្ងៃ បញ្ហាប្រឈម និងសំនូមពរនានា របស់ប្រជាពលរដ្ឋ។

នាឱកាសនោះដែរ លោក អ៉ីវ លាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ និងសំណូមពរឱ្យប្រជាពលរដ្ឋត្រូវមានអនាម័យស្អាតជាតិ និងត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយនាពេលកន្លងមក។

លោកបានបន្ថែមថា ក្រៅពីជំងឺកូវីដ១៩ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដែលកើតចេញពីមូសខាំ ហើយជំងឺប្រភេទនេះកើតក្នុងអំឡុងរដូវវស្សានេះផងដែរ ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងមានជំងឺផ្សេងៗ ដែលនាំឱ្យមានផលវិបាកចំពោះគ្រួសារទាំងមូល។

ឆ្លើយក្នុងឱកាសនោះដែរ លោក អ៉ីវ លាង ក៏បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកកាន់ក្រុមការងារ ឱ្យបើកផ្លូវ១កន្លែង និងស្នើសុំសាងសង់ផ្ទះជូនទុរគតជនជាស្ត្រីម៉េម៉ាយម្នាក់ ព្រមទាំងស្នើសុំជីកប្រឡាយទឹកប្រវែងប្រហែល ៧០០ម៉ែត្រ ដោយលោកនឹងចាត់ក្រុមការងារចុះជួយភូមិដីថុយ ដើម្បីចុះសិក្សាវាយតម្លៃជាក់ស្តែង។

បន្ទាប់ពីនោះលោក ក៏បានអញ្ជើញចុះជួបក្មួយៗជាសិស្សានុសិស្សដែលកំពុងសិក្សាក្រៅម៉ោងមុខវិជ្ជាគណិតវិទ្យា ភាសាអង់គ្លេស និងបានណែនាំក្មួយៗថា រៀងរាល់ឆ្នាំ ចំថ្ងៃទី៥ ខែតុលា ជាថ្ងៃរំលឹកគុណ សូមក្មួយៗចងចាំទាំងអស់គ្នា។

លោកបានបន្តទៀតថា ដើម្បីជាការតបស្នងគុណគ្រូ ជាពិសេសពុកម៉ែ សូមក្មួយៗខិតខំសិក្សារៀនសូត្រ សូមអានសៀវភៅឱ្យបានច្រើន ឈប់លេងទូរស័ព្ទ និងចៀសឱ្យឆ្ងាយពីថ្នាំញៀន ដើម្បីក្លាយជាធនធានដ៏ល្អទាំងនៅក្នុងគ្រួសារ និងសង្គមជាតិ នាពេលអនាគត​៕