(ភ្នំពេញ)៖ លោក ជា ខេមា អភិបាល ខណ្ឌដូនពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានទទួលទេយ្យទាន ទេយ្យវត្ថុ ពីព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ព្រះចៅអធិការស្តីទី វត្តព្រះពុទ្ធឃោសាចារ្យ សម្រាប់ឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ ដើម្បីបម្រើដល់ការងារមនុស្សធម៌នានា។

មន្ត្រីកាកបាទក្រហមខណ្ឌ ដូនពេញ បានឱ្យដឹងថា ទេយ្យទាន ទេយ្យវត្ថុ ដែលព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ផ្តល់ជូនអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ រួមមាន៖ អង្ករ ០១តោន, ទឹកក្រូច ២០កេស, ទឹកផ្លែឈើ ២០កេស, មី ៥០កេស, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកដោះគោ ២០០កំប៉ុង, ស្ករស ៣០០គីឡូក្រាម, ត្រីខ ៣០យួរ និងបច្ច័យចំនួន ៤,០០០,០០០រៀល។ សរុបសម្ភារៈ និងថវិកា ចំនួន ១៦,០៨០,០០០រៀល។

ជាការឆ្លើយតប លោកអភិបាលខណ្ឌដូនពេញ បាននាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ ចំពោះព្រះចៅអធិការវត្តស្តីទី គណៈកម្មការ អាចារ្យវត្តព្រះឃោសាចារ្យទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទាន ចូលរួមចំណែកជាមួយអនុសាខាខណ្ឌ ដើម្បីអនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែង ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។

លោកបានបន្តថា ជាការពិតណាស់ វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម​ គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ​ ហេីយពេលព្រះសង្ឃឃេីញប្រជាពលរដ្ឋជួបទុក្ខលំបាក​ ព្រះអង្គក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់​ ដែលនេះជាវប្បធម៌ នៃការចែករំលែកល្អ ក្នុងការជួយគ្នាទៅវិញទៅមក របស់ប្រជាជនខ្មែរ។

លោក ជា ខេមា បានសម្តែងនូវអារម្មណ៍រីករាយសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត នូវទឹកព្រះទ័យករុណាទិគុណរបស់ព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ព្រះចៅអធិការស្តីទី វត្តព្រះពុទ្ធឃោសាចារ្យ ដែលបានមានសន្ធារជ្រះថ្លា បានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុ ដ៏ថ្លៃថ្លាទាំងអស់នេះ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងសកម្មភាពមនុស្សធម៌ របស់អាជ្ញាធរខណ្ឌទាំងមូល។

តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ លោក ជា ខេមា សន្យាថា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឱ្យចំគោលដៅ និងដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាកបាទក្រហម៕