(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងដាក់ឲ្យប្រើប្រាស់វីញ៉ែតថ្មី (លតាបត្រ ដែលសម្គាល់ថា បានបង់ពន្ធនាំចូល) ដើម្បីងាយស្រួលស្គេនរករថយន្ដដែលគ្មានពន្ធ ធ្វើចរាចរណ៍នៅតាមដងផ្លូវ។

ថ្លែងក្នុងសន្និសីទព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ជម្រាបថា យើងមានគម្រោងកែប្រែ ឬអនុវត្តនូវវីញ៉ែតថ្មី។ វីញ៉ែតថ្មីនេះ យើងបង្កប់ RFID នៅក្នុងសន្លឹកវីញ៉ែតដែលបិទ នៅលើរថយន្តនឹងតែម្ដង»

លោក គុណ ញឹម បានឲ្យដឹងថា ឥឡូវនេះវីញ៉ែតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនមាន RFID ដូច្នេះបើសិនចង់ដឹងថា វីញ៉ែតដែលបិទនៅលើកញ្ចក់រថយន្តវាត្រឹមត្រូវ ឬមិនត្រឹមត្រូវ ដល់មន្ត្រីគយទៅស្គេន រួចបញ្ជូនលេខក្នុងប្រព័ន្ធតាមក្រោយ ទើបដឹងថា វីញ៉ែតនេះ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ។

លោក គុណ ញឹម បានបញ្ជាក់ថា សម្រាប់ជំហានទៅមុខ ឆាប់ៗនេះ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុវត្តវីញ៉ែតថ្មី ដែលនៅក្នុងវីញ៉ែតនេះ មាន «ឈីប RFID» ដោយរថយន្ដមិនចាំបាច់ឈប់នោះទេ ដែលបើកតាមផ្លូវអគ្គនាយកដ្ឋានគយ មាន RFID Reader ដោយមាន២ប្រភេទ៖

ទី១៖ អាចដឹងថា រថយន្តនឹងវីញ៉ែតនៅខាងមុខវាត្រឹមត្រូវ ឬក្លែងក្លាយ តាមរយៈការដាក់ម៉ាស៊ីន RFID Reader នៅក្បែរផ្លូវ
ទី២៖ អាចថាឡានឈប់យក RFID Reader ដាក់នៅជិត ដែលមានរយៈចម្ងាយ២ម៉ែត្រ ឬ៣ម៉ែត្រ គឺ RFID Reader អាចអានថា នៅក្នុងនឹងមានឈីប ឬគ្មានឈីប ដែលបញ្ជាក់ថាត្រឹមត្រូវ ឬមិនត្រឹមត្រូវ។

លោក គុណ ញឹម បានលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈានទៅប្រើប្រព័ន្ធ IT នេះ គឺដើម្បីងាយស្រួយ នៅក្នុងការគ្រប់គ្រងយានយន្តដែលគ្មានពន្ធ៕