(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានអញ្ជើញស្វាគមន៍លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ដែលធ្វើដំណើរទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ។

ដំណើរទស្សនកិច្ចនោះ ក៏មានការអញ្ជើញចូលរួមពីលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន ពីរដ្ឋាភិបាលដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធ ហើយជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

ជាមួយផ្ទៃដីទំហំប្រមាណ ៣៥៧ហិកតា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាននាំយកក្រុមហ៊ុនផលិត និងសេវាកម្មច្រើនជាង ៩៥ មកពី ១២ប្រទេស ព្រមទាំងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ប្រទេសផ្សេងៗគ្នា បានវិនិយោគនៅក្នុងតំបន់នេះ បើគិតត្រឹមកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២១ កន្លងទៅ ការនាំចេញទំនិញពីរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំទឹកប្រាក់ ៦៧៣លានដុល្លារអាមេរិក៕