(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២២នេះ បាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការរៀបចំដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ភាពមិនច្បាស់លាស់ដែលបណ្តាល មកពីការរីករាលដាលនៃជំងឺកូវីដ-១៩, ភាពតានតឹងផ្នែកភូមិសាស្ត្រនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបណ្តាលឱ្យមាននិន្នាការកើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ឆ្លើយតបនឹងបរិការណ៍ដ៏លំបាកនេះ និងក្នុងស្មារតីប្រុងប្រយ័ត្ន និងមធ្យ័តខ្ពស់, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពនៃវិធានការអន្តរាគមន៍ជំនួយសង្គម សំដៅបន្តគាំពារ និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ព្រមទាំងគិតគូរបន្ថែម ក្នុងការរៀបចំផ្តល់ការគាំទ្រដល់ជីវភាព របស់គ្រួសារគោលដៅដែលងាយរងហានិភ័យផងដែរ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការ អន្តរាគមន៍ជំនួយសង្គម ដូចខាងក្រោម៖

១៖ ការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
ដោយមើលឃើញពីភាពចាំបាច់ក្នុងការបន្តជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាពិសេសក្នុងបរិបទនៃការទទួលរងនូវផលប៉ះពាល់ទ្វេដង ពីវិបត្តិជំងឺកូវីដ-១៩ និងការកើនឡើងថ្លៃទំនិញខ្ពស់ ដែលផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ពួកគាត់, រាជរដ្ឋាភិបាល សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងបន្តពិនិត្យ និងវាយតម្លៃស្ថានភាពនៅរៀងរាល់ ៣ ខែម្តង។

២៖ ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា
រាជរដ្ឋាភិបាលសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណានេះ ក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ នៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។

រាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការដែលជាសេនាធិការ នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគោលដៅ ដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះ ដែលលក្ខណសម្បត្តិឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យ នៃគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ នៅទូទាំងប្រទេសនឹងទទួលបានការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។

ភាពងាយរងគ្រោះនៃ «គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ» ត្រូវបានកំណត់ដោយផ្តោតលើគ្រួសារដែលរស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចតទៅ៖ ជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។

កម្រិតប្រាក់ឧបត្ថម្ភ, យន្តការ, នីតិវិធី, និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាពេលក្រោយ៕