(ភ្នំពេញ)៖ ប្រទេសកម្ពុជាដែលធ្លាប់តែនាំចូលរថយន្តទាំងស្រុងពីក្រៅប្រទេស តែតាមរយៈការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានធ្វើឱ្យវិនិយោគិនជាច្រើន បានសម្រេចចិត្តមកវិនិយោគលើឧស្សាហកម្មរថយន្តនៅកម្ពុជា ដែលធ្វើឱ្យវិស័យនេះកាន់តែរីកចម្រើន ខណៈការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា បាន​មានសន្ទុះកើនឡើង​ដ៏​ប្រសើរ ដែលជាសញ្ញាល្អសម្រាប់ទីផ្សារ រថយន្តនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ​បង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ទីផ្សាររថយន្តថ្មីនៅកម្ពុជា បានបង្ហាញកំណើនដ៏ល្អប្រសើរ ក្នុងរយៈពេលចុងក្រោយ ដែលជំរុញ​​ការនាំចូលរថយន្តថ្មី​​ និង​គ្រឿងបង្គុំសម្រាប់ដំឡើងនៅក្នុងស្រុក ដើម្បីលក់កើនឡើងគួរឱ្យកត់សម្គាល់​។

លោកបន្តថា ​និន្នាការប្រើប្រាស់រថយន្តថ្មីកើនឡើ​នេះ ស្របពេលតម្លៃរថយន្តថ្មី ក៏មានតម្លៃសមរម្យផងដែរ ​ដោយសារការបង្កើតរោងចក្រដំឡើងរថយន្តនៅក្នុងស្រុក ហើយរថយន្តថ្មីៗ ដែលនាំចេញពីថៃ ស្ថិតក្នុងអត្រាពន្ធសូន្យ។

​លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការនាំចូលរថយន្តថ្មីភាគច្រើន គឺនាំចូលមកពីប្រទេសថៃ ព្រោះប្រទេសនេះជាសមាជិកអាស៊ាន និងជា​​សមាជិកនៃកិច្ចព្រមព្រៀង ATIGA (ASEAN Trade in Goods Agreement) ដែលធ្វើឱ្យការនាំចូលរថយន្តមកពីថៃ ស្ថិតក្នុងអត្រាពន្ធសូន្យ ដោយជាប់​តែអាករពិសេស និងអាករលើតម្លៃបន្ថែមប៉ុណ្ណោះ ដែលនាំឱ្យបន្ទុកពន្ធធ្លាក់ចុះ ធ្វើឱ្យតម្លៃរថយន្តធ្លាក់ចុះផងដែរ។ នៅពេលពន្ធថយ ដូច្នេះក្រុមហ៊ុនត្រូវតែលក់ទៅតាមហ្នឹង ហេតុនេះទីផ្សាររ​ថយន្តថ្មីមានការរីករាលដាលគួរសម ក្នុងរយៈពេលចុងក្រោយនេះ បន្ថែមនឹងការដំឡើងគ្រឿងបង្គុំ ដូចជារយន្តហ្វត ដែលក្រុមហ៊ុន RMA បានបើករោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់​ ដោយគាត់ដំឡើងក្នុងស្រុកផង ហើយគាត់នាំចូលរថយន្តផង»

លោកបណ្ឌិត គុណ ញឹម បានជំរុញ និងលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជា ប្រើប្រាស់រថយន្តថ្មី ​កាត់បន្ថយការប្រើប្រាស់រថយន្តមួយទឹក ព្រោះ​រថយន្តចាស់ ​អាចធ្វើឱ្យមានបន្ទុកចំណាយច្រើន ​ដូចការស៊ីសាំងច្រើន និងការចំណាយទៅលើការជួសជុសច្រើនជាដើម។

លោកបន្ថែមថា ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារមួយ ​សិក្សាពីការប្រើប្រាស់រថយន្តនៅកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការនាំចូលរថយន្តចាស់ៗ និងជំរុញលើកចិត្តឱ្យមានការប្រើប្រាស់រថយន្តថ្មី ព្រមទាំងរថយន្តអគ្គិសនី ដើម្បីជួយដល់បរិស្ថាន និងកាត់បន្ថយការចំណាយ​៕