(ស្វាយរៀង)៖ លោក ម៉ែនវិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ពិធីប្រណាំងទូកឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃដោយមានសមត្ថកិច្ចដាក់ពង្រាយ៨០០នាក់ ត្រៀមពង្រាយការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមកទស្សនាកំសាន្តសប្បាយរីករាយ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៥​ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព នៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ​ នៅថ្ងៃទី២៩-៣០ ​ខែតុលា​ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ​ តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត។

លោក ម៉ែន វិបុល បានបន្ថែមថា ខេត្តស្វាយរៀងពិធីប្រណាំងទូកនេះ អាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសអាចគ្រប់គ្រងស្ថានភាពកូវីដ នៅកម្ពុជាឲ្យបានល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ីឡើងវិញជាប្រក្រតី ដោយបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកបន្តថា ដើម្បីងាយស្រួលមានប្រសិទ្ធភាពនឹងទាន់ពេលវេលា រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន១០ផ្សេងទៀតជាជំនួយការ ជាពិសេសរៀបចំផែនការចំណាយសម្រាប់ អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីពន្លឿនលើការងារទាំងនោះ។

ជាមួយគ្នានេះ លោក ម៉ែន វិបុល ក៏បានណែនាំបន្ថែមដល់អនុគណៈកម្មការទាំងអស់ បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ត្រូវពិនិត្យនិងអនុវត្តឲ្យបានរួចរាល់ជាស្ថាពរមុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុកផងដែរ៕