(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានគយ នឹងលើកសំណើជូនថ្នាក់ដឹកនាំ ក្នុងការពន្យារពេលអនុវត្ដច្បាប់ប្រមូលពន្ធអាករលើរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលបានមកចុះបញ្ជីរួច​នៅក្នុងប្រទេសដែលមានស្រាប់ ខណៈនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះនឹងផុតឱសាទវាទ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គុណ ញឹម ចូលរួមក្នុងសន្និសីទព័ត៌មាន បង្ហាញពីលទ្ធផល នៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយ របស់រាជរដ្ឋាភិបាល ម្ចាស់ឲ្យរថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធ និងអាករ ដោយមិនតម្រូវឲ្យកែចង្កូត នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។

លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «យើងគ្រោង នឹងលើកសំណើជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចក្នុងការពន្យារពេល ហើយពន្យាររយៈពេលប៉ុន្មាន ខ្ញុំនឹងជួបថ្នាក់ដឹកនាំ និងសុំមតិយោបល់»

លោក គុណ ញឹម បានលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានពិភាក្សាគ្នាលើកជាជម្រើស ឬជាសំណូមពរជូនថ្នាក់ដឹកនាំ ដើម្បីសុំការពន្យារពេល ជូនដល់ម្ចាស់រថយន្តចង្កូតស្ដាំ ដែលនៅសេសសល់អាចថា ជាង៣០០០គ្រឿង ស្វះស្វែងរកថវិកាដើម្បីបង់ពន្ធអាករ ដែលអនុវត្តសម្រាប់តែរថយន្តបានចុះបញ្ជីរួច។

ទន្ទឹមគ្នានេះ លោក គុណ ញឹម បានបញ្ជាក់ឲ្យដឹងថា រថយន្ដចង្កួតស្ដាំគ្មានពន្ធ ដែលនៅសេសសល់ រថយន្តភាគច្រើនបំផុត មិនមែនជារថយន្តលក្ខណៈគ្រួសារទេ គឺជាប្រភេទរថយន្ដ ធ្វើអាជីវកម្ម គឺដឹកដី, ដឹកខ្សាច់, ដឹកក្រួស, ដឹកថ្ម ជាដើម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ នឹងផ្តល់ការអនុគ្រោះ ដើម្បីឲ្យទុកពេលវេលា ឲ្យម្ចាស់រថយន្តចង្កូតស្ដាំ មានពេលស្វែងរកថវិកា យកមកបង់ពន្ធអាករ។ ស្របពេលបច្ចុប្បន្ន នៅសល់ចំនួនរថយន្ត ដែលចុះបញ្ជី ចំនួន៣៨៣៨គ្រឿង ដែលមិនទាន់បានចូលមកបំពេញកាតព្វកិច្ចពន្ធអាករ។

លោក គុណ ញឹម បានគូសបញ្ជាក់ថា បើសិនជាមិនមានដំណោះស្រាយពន្យារពេលទេ គឺសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺគ្មានជម្រើសក្នុងការអនុវត្តតែម្ដង គឺមានន័យថា រថយន្តចង្កូតស្តាំ គឺជាទំនិញហាមឃាត់ មិនអាចឲ្យបង់ពន្ធអាករ ក៏ឬពិន័យនោះទេ ព្រោះវាខុសច្បាប់។

លោក គុណ ញឹម ក៏បានឲ្យដឹងផងដែរថា ពន្ធអាករមិនមានតម្លៃថ្លៃនោះទេ ព្រោះថារថយន្ដចង្កូតស្ដាំ ដែលបានចុះបញ្ជី ទទួលបានការអនុគ្រោះបានច្រើនរួចទៅហើយ ក្នុងការអនុគ្រោះមិនឲ្យកែចង្កូត ដែលក្នុង១គ្រឿង ត្រូវចំណាយក្នុងការកែចង្កួត ចន្លោះពី២៥០០ ទៅ៥០០០ដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា «ពន្ធអាករ មិនច្រើននោះទេ គឺតិចតួច ដែលក្នុង១គ្រឿង មានតម្លៃ២៥០០ដុល្លារ ហើយប្រសិនជារថយន្ដនោះ មានសភាពចាស់ទៀតនោះ តម្លៃអាចត្រឹម២០០០ដុល្លារ តែប៉ុណ្ណោះ»

បើតាមលោក គុណ ញឹម ការប្រមូលចំណូលចូលថវិកាជាតិ ទាំងយុទ្ធនាការទី១ និងយុទ្ធនាការទី២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ១០០លានដុល្លារ ខណៈចំនួនរថយន្ដសរុប ដែលបានប្រមូលពន្ធអាករ និងបានចុះបញ្ជី មានប្រមាណ១៨,០០០គ្រឿង។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រថយន្តអត់ពន្ធចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ចំពោះរថយន្តចង្កូតស្តាំ ក៏ទទួលបានការអនុគ្រោះពន្ធ ១០ភាគរយផងដែរ ត្រូវកែចង្កូតពីស្តាំមកឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីផុតឱសានវាទ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ។

ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ តម្រូវឲ្យមកចុះបញ្ជីជារថយន្តមានស្រាប់ក្នុងប្រទេស ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបានចុះបញ្ជីរួច អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទុកពេលវេលារហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករ។ តែនៅពេលនេះ អាចនឹងត្រូវពន្យារពេលបន្ថែមទៀត។

រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលមានស្រាប់នៅកម្ពុជា បានមកចុះបញ្ជីមានជិត១ម៉ឺនគ្រឿង ក្នុងនោះរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជាចំនួន ៥៩៧៦គ្រឿងដែលបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករទទួលទឹកប្រាក់ពន្ធ១៩.៧លានដុល្លារ៕