(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) រកបានដៃគូសហការបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះបង្ហាញតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករបរធនបាលកិច្ចជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ (IFA) នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងលោក ប៊ុន សុន្ទរង្គ នាយករងនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) នៅទីស្ដីការអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ក្នុងក្របខណ្ឌនៃការចុះអនុស្សរណៈនេះ ន.ប.ធ. បានចាប់ដៃគូយុទ្ធសាស្រ្តជាមួយនឹង IFA ដែលជាគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

កិច្ចសហប្រតិបត្តិការនេះក៏នឹងផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹង និងដកស្រង់យកបទពិសោធន៍ការងារផ្ទាល់ជាមួយនិយ័តករបរធនបាលកិច្ច ក៏ដូចជានឹងផ្ដល់ឱកាសអាទិភាពដល់មន្រ្តីនៃ ន.ប.ធ. ដែលមានបំណងបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម ជាពិសេសពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុផងដែរ។

សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាចំណងគតិយុត្តដែលក្នុងនោះ បរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឱ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឱ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត៕