(ភ្នំពេញ)៖ គិតចាប់ពីម៉ោង៣៖០០នាថ្ងៃទី០៣ ដល់ម៉ោង៣៖០០ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ១៧ករណី ដើម្បីស្វែងរកជនបរទេសចំនួន ៧៥នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា សំណើទាំង ១៧ករណីនេះ មាន៣សញ្ជាតិរួមមាន៖ ជនជាតិចិនចំនួន ០៩នាក់, ជនជាតិវៀតណាមចំនួន ៦៤នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ០២។ សម្រាប់ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា និងបន្តនីតិវិធី។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានសំណើដូចជា៖

* តាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២០សំណើ មានមនុស្សសរុបចំនួន ១,០៤២នាក់ មាន១៣សញ្ជាតិ។

* តាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន ២២៩សំណើ។ បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងនោះសមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៤៨៧នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៦នាក់ផងដែរ។ សម្រាប់ជនសង្ស័យទាំង ៦៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ជនជាតិចិនចំនួន ៥០នាក់, ជនជាតិខ្មែរចំនួន ១២នាក់ និងជនជាតិវៀតណាមចំនួន ៤នាក់៕