(កំពង់ធំ)៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានទទួលអំណោយសប្បុរសធម៌ ពីព្រះគ្រូព្រះតេជគុណព្រះបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះធម្មធរគណៈ ខេត្តកំពង់ធំ ព្រះអនុគណស្ដីទីស្រុកស្ទោង ជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត ព្រះគណៈសង្ឃព្រមទាំងមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការវត្ត នៅក្នុងស្រុកស្ទោង បានឧបត្ថម្ភនូវសម្ភារៈគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនធំ ដល់រដ្ឋបាលស្រុក សម្រាប់ចែកជូនបន្តជាកិច្ចការមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលកំពុងមានជីវភាពខ្វះខាត ក៏ដូចជាកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង មួយរយៈពេលចុងក្រោយនេះ។

លោក សាយ គឹមឡម បានលើកឡើងថា «ពុទ្ធចក្រ និងវិស័យឯកជនជាដៃគូមនុស្សធម៌ ដ៏មានសក្តានុពលមិនអាចកាត់ថ្លៃបាន ក្នុងការសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងគ្រាលំបាក»

លោកបានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់ព្រះគ្រូ ព្រះអនុគណស្រុកព្រះសង្ឃព្រមទាំង ព្រះគ្រូចៅអធិការ គ្រប់វត្ត និងលោកអាចារ្យគណៈកម្មការវត្ត ព្រមទាំងសប្បុរសជននានា ដែលតែងតែបានឧបត្ថម្ភនូវ សម្ភារៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនធំ ដល់រដ្ឋបាលស្រុកស្ទោង សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលកំពុងមានជីវភាពខ្វះខាត ក៏ដូចជាកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងរយៈពេលចុងក្រោយ រងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ។

លោក សាយ គឹមឡម បានបន្ថែមថា អំណោយទាំងនេះ គឺជាការយកព្រះទ័យទុកដាក់ របស់ព្រះគ្រូព្រះអនុគណស្រុក គណៈសង្ឃស្រុក ជាមួយនឹងរដ្ឋបាលស្រុកក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដែលជាដៃគូក្នុងការ ជួយសង្គ្រោះក៏ដូចជាកិច្ចការមនុស្សធម៌ដ៏មានសក្តានុពល យ៉ាងសំខាន់ចាំបាច់មិនអាចកាត់ផ្ដាច់បាន ។

លោក សាយ គឹមឡម បានគោរពប្រគេនពរព្រះអង្គគ្រូព្រះអនុគណ និងព្រះមន្ត្រសង្ឃគ្រប់អង្គសូមមានព្រះសុខភាពល្អបរិបូណ៌ គង់នៅជាសុខក្នុងភេទជាបព្វជិត បានដឹកនាំភិក្ខុសាមណេរប្រព្រឹត្តបដិបត្តិធម៌ វិន័យគង់វង្សក្រោមម្លប់ពុទ្ធសាសនាតទៅ៕