(ព្រះវិហារ)៖ សមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជា សហការជាមួយសមាគមទេសចរណ៍ខេត្តចំនួន៣ របស់ប្រទេសថៃ គឺខេត្តសុរិន្ទ ខេត្តស៊ីសាកេត ខេត្តនគររាជសីម៉ា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានសហការគ្នា ចុះសិក្សាស្វែងយល់ពីសក្ដានុពលទេសចរណ៍ នៅប្រាសាទព្រះវិហារ ដើម្បីរួមគ្នាធ្វើធម្មយាត្រាដើម្បីបេតិកភ័ណ្ឌ ក្នុងទិសដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកលេងកំសាន្ត និងទស្សនាប្រាង្គប្រាសាទព្រះវិហារ ក្រោយមានការស្ងប់ស្ងាត់មួយរយៈដោយវិបត្តិជាសកលនៃជំងឺកូវីដ-១៩។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា រយៈពេល៣ឆ្នាំដែលជំងឺកូវីដ បានរាតត្បាតជាសកល ធ្វើឲ្យវិស័យនានាទូទាំងពិភពលោក ត្រូវបានអាក់ខាន។ ប៉ុន្តែពេលនេះជំងឺកូវីដ-១៩ មានការធូរស្បើយ ហើយបានបើកដំណើរការឡើងវិញទូលំទូលាយ ទាំងប្រទេសកម្ពុជា និងប្រទេសថៃ ធ្វើឲ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ ពិសេសប្រជាពលរដ្ឋ តាមព្រំដែននៃប្រទេសទាំង២អាចចេញចូលទៅវិញទៅមកបាន ដែលជាពេលវេលាមួយអាចផ្លាស់ប្តូរ ពាណិជ្ជកម្ម ទេសចរណ៍ រវាងខេត្តនៅជាប់ព្រំដែន កម្ពុជា-ថៃ។

លោកប្រធានសមាគម បានឲ្យដឹងទៀតថា ការជួបជុំនៅថ្ងៃនេះ គឺយើងមកសិក្សានិងរៀបចំផែនការ ដើម្បីប្រារព្ធព្រឹត្តិការណ៍មួយ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ហៅថា «ធម្មយាត្រាដើម្បីបេតិកភ័ណ្ឌ»។ ហើយផែនការនេះ មានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរព្រះវិហារ ពីលោកអភិបាលខេត្តព្រះវិហារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ពិសេសព្រឹត្តិការណ៍នេះ មានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជាតែម្តង។

លោក ធួន ស៊ីណាន បានបញ្ជាក់ថា ព្រឹត្តិការណ៍ «ធម្មយាត្រាដើម្បីបេតិកភ័ណ្ឌ» ដែលគ្រោងនឹងរៀបចំធ្វើឡើង នៅចុងខែតុលានេះ គឺធ្វើរបៀបកីឡា ទេសចរណ៍បែបកំសាន្ត ដោយយើងរៀបចំធ្វើដំណើរ ដោយថ្មើរជើង ចេញពីកន្លែងលក់សំបុត្រ ដល់ខ្នងភ្នំប្រាសាទព្រះវិហារ កូបារះទី៤ ដែលមានចំងាយប្រមាណ៧គីឡូម៉ែត្រ ហើយព្រឹត្តិការណ៍នេះ លោករំពឹងថា នឹងមានអ្នកចូលរួមទាំងថៃ និងកម្ពុជា ប្រមាណ១៥០០នាក់។

លោករំពឹងជឿជាក់ថា ចាប់ពីថ្ងៃរៀបចំព្រឹត្តិការណ៍ធម្មយាត្រាបេតិកភ័ណ្ឌនេះទៅ ទំនាក់ទំនងរវាងថៃ និងកម្ពុជា នឹងមានភាពស្អិតរមួត មានការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងថៃ និងកម្ពុជា តាមរយៈវិស័យទេសចរណ៍ ហើយចរន្តនៃភ្ញៀវទេសចរ នឹងមានការកើនឡើង ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋ នៃប្រទេសទាំង២ ឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីបេតិកភ័ណ្ឌពិភពលោក យើងដើរដើម្បីមិត្តភាព ដើម្បីសន្តិភាព វិស័យទេសចរណ៍ និងបរិស្ថាន៕