(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២២ ដើម្បីឲ្យការងាររបស់អាជ្ញាធរក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធកាន់តែល្អប្រសើរឡើងមិនថែមទៀត។

លោកអភិបាលខេត្ត បានក្រើនរម្លឹក និងជំរុញបន្ថែមដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា និងត្រូវអនុវត្តឲ្យបានម៉ឺងមាត់វិធានការក្នុងការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ ព្រមទាំងត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ:អនាម័យបរិស្ថាន។

អភិបាលខេត្ត បានណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តពង្រឹងផ្សព្វផ្សាយការងារភូមិឃុំមានសុវត្ថិភាព និងត្រូវរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងដែនសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសក្នុងអំឡុងពេលបុណ្យប្រណាំងទូកនាពេលខាងមុខនេះ។

លោកអភិបាលខេត្ត បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្តក្រុងស្រុក និងមន្ទីអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ និងសូមលើកទឹកចិត្តដល់គណៈកម្មការ រៀបចំប្រណាំងទូក «ង» ខេត្តព្រៃវែង ក្នុងការខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ដើម្បីញាំងឲ្យពិធីប្រណាំងទូកនាពេលឆាប់ៗខាងមុខនេះ ប្រកបដោយសុខសុវត្តិភាព។

គួររំលឹកថា ខេត្តព្រៃវែង និងរៀបចំពិធីប្រណាំងទូកនៅតាមបណ្តោយដងទន្លេខាងមុខចុងប៉ម នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ហើយបើយោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការរៀបចំប្រណាំងទូក «ង» ខេត្តព្រៃវែង បានបញ្ជាក់ថា ទូកដែលត្រូវចូលរួមប្រគួតមានចំនួន៤៧ទូក ក្នុងនោះមានទូក «ង» ខ្នាតវែងចំនួន ១១ទូក និងទូកខ្នាតអន្តរជាតិចំនួន ៣៦ទូក៕