(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីស្រីឦសានវរ្ម័ន (សសរ) បានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ពិព័រណ៍ស្តីពី «ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំង របស់ព្រះបាទស៊ីសុវត្ថិ» គ្រាដំបូងនៃការស្វែងយល់ចិត្តគ្នារវាងខ្មែរ និងបារាំង និងបើកឲ្យសាធារណជនចូលទស្សនា ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២តទៅ។

កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពី លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន វិស័យធនាគារនិងហិរញ្ញវត្ថុ វិស័យអប់រំនិងទេសចរណ៍ ព្រមទាំងអ្នកជំនាញសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើនរូបនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។

ពិព័រណ៍ស្តីពី ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំង របស់ព្រះបាទស៊ីសុវត្ថិ ជា ពិព័រណ៍បណ្តោះអាសន្នលើកដំបូង របស់សារមន្ទីរសសរ ដែលឆ្លុះបញ្ចាំងពីព្រឹត្តការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលអតីតព្រះរាជាខ្មែរ ព្រះបាទស៊ីសុវត្ថិដំបូងគេ បានយាងទៅលោកខាងលិច និងបានបន្សល់ទុកស្នាព្រះហស្ថដ៏សំខាន់ ដល់កូនខ្មែរជំនាន់ក្រោយ នៅក្នុងបុព្វហេតុជាតិ។

ការទទួលបានអធិបតេយ្យភាព និងបូរណភាពទឹកដី ការខិតខំប្រឹងប្រែងពង្រឹងកិច្ចទំនាក់ទំនងល្អរវាងកម្ពុជា ជាមួយប្រទេសបារាំង និងការលើកកម្ពស់អរិយធម៌ វប្បធម៌ប្រពៃណី (របាំព្រះរាជទ្រព្យ) លើឆាកអន្តរជាតិរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដ៏ល្អផូរផង់ក្នុងតំបន់នៃជ្រោយឥណ្ឌូចិន និងភាពប៉ិនប្រសប់ផ្នែកការទូតរបស់ព្រះអង្គ។

ពិព័រណ៍នេះនឹងបើកទទួលការចូលទស្សនា ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះតទៅ៕