(ភ្នំពេញ)៖ ក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ទ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ជាមួយលោក Faris Mustafa Al-Kooheji អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបារ៉ែន នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ លោករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូបារ៉ែន ពីសភាពការណ៍អភិវឌ្ឍរបស់កម្ពុជា ដែលបានចាប់ផ្តើមស្តារ និងកសាងប្រទេសពីបាតដៃទទេ ក្រោយថ្ងៃរដោះចេញពី ពួកប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ហើយនិងជោគជ័យដ៏ធំធេងនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ពិសេសការខិតខំតស៊ូប្រយុទ្ធប្រឆាំងនៃការរីករាលដាលមេរោគកូវីដ១៩ ចុងក្រោយនេះរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើអោយកម្ពុជា កសាងបានប្រព័ន្ធភាពសុំាក្នុងសហគមន៍ និងធ្វើឱ្យកម្ពុជា បើកសេដ្ឋកិច្ចសង្គមឡើងវិញ បានយ៉ាងឆាប់រហ័ស។

ចំពោះវិស័យទេសចរណ៍កម្ពុជាលោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា កម្ពុជានៅបន្តត្រូវការការវិនិយោគបន្ថែមទៀត ជាអាទិវិស័យសណ្ឋាគារប្រណិត នៅតាមគោលដៅទេសចរណ៍ដ៏ទាក់ទាញសំខាន់ៗ និងការហោះហើរត្រង់តភ្ជាប់ជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះ។

ជាកាឆ្លើយតប លោក Faris Mustafa Al-Kooheji បានសម្តែងនូវការសាទរ និងកោតសរសើរ ចំពោះការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសក៏ដជោគជ័យធំធេងនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ និងជោគជ័យចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យកម្ពុជា មានលទ្ធភាពបើកប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានយ៉ាងឆាប់រហ័ស។

បន្ទាប់ពីមើលឃើញសភាពការណ៍កូវីដ១៩ នៅកម្ពុជាមានសុវត្ថិភាពខ្ពស់ ពិសេសដោយពិនិត្យឃើញការរីកចម្រើនរបស់កម្ពុជា ដែលមិននឹកស្មានដល់ លោកអគ្គលេខាធិការ បានសម្តែងនូវការពេញចិត្ត និងមានចំណាប់អារម្មណ៍ខ្លាំង ចំពោះការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយលោកសន្យាថានឹងត្រឡប់មកកម្ពុជាម្តងទៀតនាខែវិច្ឆិកា ខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យកីឡា។

ជាចុងក្រោយ លោកអគ្គលេខាធិការបានសន្យាថានឹងត្រៀមខ្លួនជានិច្ច ក្នុងការជួយដល់វិស័យកីឡាកម្ពុជា និងសន្យាថាមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តាមការអញ្ជើញរបស់លោករដ្ឋមន្ត្រី ថោង ខុន ផងដែរ៕