(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយរបស់រាជរដ្ឋាភិបាល ម្ចាស់ឱ្យរថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធ និងអាករ ដោយមិនតម្រូវឱ្យកែចង្កូត។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅទីចាត់កណ្តាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រថយន្តអត់ពន្ធចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ចំពោះរថយន្តចង្កូតស្តាំ ក៏ទទួលបានការអនុគ្រោះពន្ធ១០ភាគរយផងដែរ ត្រូវកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីផុតឱសានវាទ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ។

ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ តម្រូវឲ្យមកចុះបញ្ជីជារថយន្តមានស្រាប់ក្នុងប្រទេស ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបានចុះបញ្ជីរួច អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទុកពេលវេលារហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករ។ រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលមានស្រាប់នៅកម្ពុជា បានមកចុះបញ្ជីមានជិត១ម៉ឺនគ្រឿង។

ក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួច ដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករ គឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ៕