(ភ្នំពេញ)៖ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ទ្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ជាប្រធាន NOC និងជាអនុប្រធានក្រមប្រឹក្សា Olympic Asie ។

លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនប្រតិភូប្រទេសអារ៉ាប៊ីសាអ៊ូឌីត អំពីការអភិវឌ្ឍរបស់កម្ពុជាដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយកដ្ឋមន្ត្រី ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍន៏លើគ្រប់វិស័យ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនឹងការអភិវឌ្ឍនេះ កម្ពុជាក៏នៅបន្តត្រូវការការវិនិយោគបន្ថែមទៀត ជាអាទិវិស័យសណ្ឋាគារប្រណិតនៅតាមគោលដៅ ទេសចរណ៍ដ៏ទាក់ទាញសំខាន់ៗមួយចំនួននិងការហោះហើរត្រង់តភ្ជាប់ជាមួយគ្នា។

ទន្ទឹមនឹងនោះ ដោយប្រទេសកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (Asian Youth Games 2029) រីឯប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏នឹងទទួលធ្វើម្ចាស់ផ្ទះ ប្រកួតកីឡាក្នុងសាល និងក្បាច់គុណប្រយុទ្ធអាស៊ី ឆ្នាំ២០២៥ (Asian Indoor and Martial Arts Games 2025), ការប្រកួតកីឡាអាស៊ីរដូវរងារ ឆ្នាំ២០២៩ (Asian Winter Games 2029) និងការប្រកួតកីឡាអាស៊ី ឆ្នាំ២០៣៤ (Asian Games 2034) ប្រតិភូទាំងពីរប្រទេស បានឯកភាពគ្នារៀបចំ គណៈប្រតិភូក្នុងការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សាដើម្បីដកស្រង់បទពិសោធន៍ទៅវិញទៅមកលើការរៀបចំព្រឹត្តិការណ៍កីឡាធំៗ។

ជាមួយគ្នានេះដែរ ដោយមើលឃើញពីសក្តានុពលវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud បានសន្យានឹងជំរុញខិតខំកៀរគរវិនិយោគិនអារ៉ាប៊ីសាអ៊ូឌីតមកកម្ពុជា ក៏ដូចជាខិតខំជំរុញឱ្យមានការហោះហើរត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud បានជម្រាបជូនលោករដ្ឋមន្ត្រី ថោង ខុន ថា នៅពេលដែលអារ៉ាប៊ីសាអ៊ូឌីត បង្កើតឱ្យមានស្ថានទូតប្រចាំនៅកម្ពុជានាពេលឆាប់ៗមុខនេះ គឺកិច្ចសហការលើគ្រប់វិស័យរវាងប្រទេសទាំងពីរពិតជានឹងមានការងាយស្រួល និងរីកចម្រើនយ៉ាងរហ័ស។

នៅទីបញ្ចប់ ព្រះអង្គម្ចាស់ Adbullaziz Bin Turki Al Saud បានសម្តែងនូវក្តីរីករាយ និងសន្យាមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តាមការអញ្ចើញ លោករដ្ឋមន្ត្រី ថោង ខុន ផងដែរ៕