(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បង្ហាញគម្រោងពង្រីកសួនច្បារថ្មី នៅផ្សារក្រោមមុខវត្តយាយទេព និងគម្រោងសាងសង់វេទិកាធំមួយ សម្រាប់ប្រារព្ធពិធីបុណ្យអុំទូកប្រចាំឆ្នាំក្នុងខេត្តផងដែរ នៅចំណុចមាត់ទន្លេមុខខណ្ឌរដ្ឋបាលកំពង់ឆ្នាំង។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងអភិបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង បានអះអាងថា គម្រោងរបស់រដ្ឋបាលខេត្តនេះ អាចនឹងប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋ ប៉ុន្ដែអាជ្ញាធរនឹងធ្វើការដោះដូរជាមួយប្រជាពលរដ្ឋដែលប៉ះពាល់ទៅតំបន់ផ្សេង។

លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍគម្រោងទាំង២ខាងលើនេះ រដ្ឋបាលខេត្តតម្រូវធ្វើការបន្លាស់ទីផ្ទះប្រជាពលរដ្ឋចំនួន៥២ខ្នង នៅជួរដើមស្រល់ និងជួរសួន ច្បារជាប់ប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង និងបន្លាស់ទីស្ថានីយលក់ប្រេងមួយកន្លែង និងផ្សារមួយកន្លែង មានទីតាំងមុខជាប់មាត់ទន្លេ ទល់មុខខណ្ឌរដ្ឋបាលជលផលផងដែរ ទើបសាងសង់វេទិកាសម្រាប់ប្រារពពិធីបុណ្យអុំទូកប្រចាំឆ្នាំក្នុងខេត្ត បានដែលមានទីធ្លាសមរម្យ។

លោកអភិបាលខេត្ត បានបន្តទៀតថា ដើម្បីសម្រេចបាននូវគំរោងនេះ លោកនឹងស្នើសុំទៅថ្នាក់ជាតិ កាត់ឆ្វាលដីនៅតំបន់ក្បែរៗនោះ ដើម្បីដោះដូរបន្លាស់ទីផ្ទះប្រជាពលរដ្ឋចំនួន៥២ខ្នងនៅជួរដើមស្រល់។ ចំណែកស្ថានីយ៍លក់ប្រេងមួយកន្លែង និងដីផ្សារមួយកន្លែង ទល់មុខខណ្ឌរដ្ឋបាលជលផលដែលមានប្លង់រឹងនោះ ក៏តម្រូវធ្វើការដោះបន្លាស់ទីទៅនៅដីក្បែរៗនោះផងដែរដោយមិនម្ចាស់ដីខាតប្រយោជន៍នោះឡើយ គឺអនុវត្តតាមច្បាប់អសានុករ។

គួរជម្រាបថា នៅក្នុងអាណត្តិអភិបាលខេត្តចាស់ ក៏មានគម្រោងបន្លាស់ទីផ្ទះ៥២ខ្នង ស្ថានីយ៍លក់ប្រេងមួយកន្លែង និងផ្សារមួយកន្លែង ដែលមានទីតាំងនៅមាត់ទន្លេទល់មុខខណ្ឌរដ្ឋបាលជលផលផងដែរ ប៉ុន្តែគម្រោងខាងលើនេះមិនបានជោគជ័យឡើយ។

ដោយឡែកមកដល់អាណត្តិលោក ស៊ុន សុវណ្ណារិទ្ធិ ប្ដេជ្ញាថានឹងអនុវត្តគម្រោងខាងលើនេះឲ្យបានជោគជ័យ ដើម្បីជាការអភិវឌ្ឍក្រុង និងកែលម្អសួនច្បារតែមានស្រាប់ហើយនោះ ឲ្យមានសភាពធំទូលាយក្លាយ ទៅជាសួនច្បារស្តង់ដាសម្រាប់រាប់ប្រារព្ធពិធីផ្សេងៗ តែក៏ត្រូវអនុវត្តទៅតាមច្បាប់អសារនុករ ដែលមានការព្រមព្រៀងគ្នាក្នុងការដោះដូងត្រឹមត្រូវជាមុនសិនផងដែរ៕