(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖

*ទី១៖ ចូលរួមរលឹកគម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

*ទី២៖ បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្តាំដ៏ថ្លៃថ្លា និងពោលពេញដោយអត្ថន័យទូន្មាន ដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានធ្លាក់លើផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្តាំ

*ទី៣៖ រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន ជាមួយនឹងសេចក្តីអំណរព្រះរាជគុណជាអនេកអន័ត្យគ្មាន ថ្ងៃបំភ្លេចបាន។

កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ជាកម្មវិធីដែលមានព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្ត និងអញ្ជើញចូលរួមពីគ្រប់ទិសទី ដើម្បីថ្វាយគ្រឿងសក្ការៈ និងធ្វើសមាធិសូត្រសត្តប្បករុណាភិធម្មបង្សុកូលឧទ្ទិសមហា ព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងគង់ប្រថាប់ សោយសុខក្នុងព្រះបរមសុគតិភពនាឋានព្រះបរមសុខដ៏ខ្ពង់ខ្ពស់។

សហភាពសហព័ន្ធយុវជនកម្ពុជា សូមអញ្ជើញពុទ្ធបរិស័ទ សមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ដោយឥតគិតថ្លៃ តាមរយៈវិធីសាស្ត្រដូចខាងក្រោម៖

*ទី១៖ ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ www.uyfcsamati.com
*ទី២៖ ការចុះឈ្មោះដោយផ្ទាល់នៅទីតាំងក្នុងអគារ The KAMPUS ជាន់ផ្ទាល់ដី (ជាន់G) រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានលើផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ (ត្រង់ផ្លូវបំបែកក្បាលថ្នល់) https://maps.app.goo.gl/XWwJwt9NRfDG2JjH7?g_st=ic
*ទី៣៖ ចុះឈ្មោះ ឬស្វែងរកព័ត៌មានបន្ថែមដោយទាក់ទងទៅកាន់ទូរសព្ទលេខ ០៦១ ៥១៤ ៤៤៤ ឬ ០៩២ ១០៥ ៤៥២៕