(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចពិភាក្សាលើការគ្រប់គ្រងសំរាម កាកសំណល់ នឹងសំណល់រឹងនៅទីក្រុងទេសចរណ៍ក្នុងបណ្តាប្រទេសនៅអាស៊ាន គម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ដែលបានជ្រើសរើស ប្រទេសចំនួន៣ក្នុងអាស៊ាន រួមមាន៖ ខេត្តសៀមរាប, ខេត្តវ៉ាងវៀង ប្រទេសឡាវ និងខេត្តដាឡាត ប្រទេសវៀតណាម ជាទីក្រុងសាកល្បងលើការគ្រប់គ្រងប្រកបដោយនិរន្តរភាព។

កំណើនប្រជាពលរដ្ឋកើនឡើងឥតឈប់ឈរ នៅក្នុងទីក្រុងសំខាន់ បានបង្កបញ្ហាប្រឈមធំៗជាច្រើន សម្រាប់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ។ សំរាម គឺជាសំណល់រឹងមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងរដ្ឋសមាជិក អាស៊ាន ដែលមានកង្វះខាតធនធាន និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងឱកាសនោះ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ជារៀងរាល់ឆ្នាំកាកសំណល់មានការកើនឡើងដល់១៦០លានតោន ចាប់តាំងពីឆ្នាំ២០០៦ ចំពោះសំណល់រឹង ក្នុងក្រុងទេសចរណ៍។

លោកថា ខេត្តសៀមរាប នៅពេលមានកំណើននៃភ្ញៀវទេសចរណ៍កើនឡើងវិញ ក្រោយពេលមានភាពធូស្រាលជំងឺកូវីដ ធ្វើឲ្យចំណោទបញ្ហាការសំណល់ទាំងរឹង និងរាវមានការកើនឡើង។ ក្នុងនោះដែរគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ជ្រើសរើសយកខេត្តសៀមរាប ជាក្រុងអនុវត្តសាកល្បង លើការគ្រប់គ្រងកាកសំណល់រឹង ព្រមទាំងគាំទ្រការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព នៅក្នុងទីក្រុងទេសចរណ៍ខ្នាតមធ្យម លើកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័នជាដៃគូរ សហការជាមួយសមាគមទេសចរណ៍ និងតួអង្គជាតិពាក់ព័ន្ធផ្សេងទៀត ដែលសកម្មក្នុងវិស័យគ្រប់គ្រងសំណល់ និងទេសចរណ៍។

លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប ក៏បានថ្លែងអំណរគុណចំពោះគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ដែលបានជ្រើសយកខេត្តសៀមរាប ក្នុងការអនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នេះផងដែរ។

ទន្ទឹមនឹងនោះដែរ​ លោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) បានបញ្ជាក់ថា គម្រោងក៏មានគោលបំណងចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើង នូវគុណភាពបរិស្ថានក្នុងក្រុង ទេសចរណ៍ខ្នាតមធ្យម នៅក្នុងតំបន់អាស៊ាន តាមរយៈការពង្រឹងសមត្ថភាពនៃការទុកដាក់សំណល់ ចុងក្រោយ និងការកែច្នៃឡើងវិញ ប្រកបដោយប្រសិទ្ធភាព។

ម៉្យាងវិញទៀត គម្រោងក៏ត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែលអនុវត្តដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយ លេខាធិការដ្ឋានអាស៊ាន។

លោកបន្តទៀតថា គម្រោងក៏បានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់អាស៊ាន ដូចបានចែងក្នុងផែនការមេ របស់សហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥ នឹងកាបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង ការកែច្នៃឡើងវិញប្រកបនិរន្តរភាព និងគិតគូរពីតួនាទីរបស់យេនឌ័រ នៅក្នុងទីក្រុង ទេសចរណ៍គោលដៅ។

ជាមូយនេះដែរ គម្រោងក៏បានធ្វើការបង្ហាញ និងចំណាប់អារម្មណ៍របស់តំណាងក្រសួងពាក់ព័ន្ធ ចំពោះការគ្រប់គ្រងសំណល់រឹង ដើមី្បសំដៅឆ្លើយតបទៅនឹងភូមិ ឃុំ មានសុវត្ថិភាព ដែលជាសូចនាករមួយដ៏សំខាន់ ក្នុងការប្រឡងប្រណាំងនៅថ្នាក់ក្រោមជាតិផងដែរ៕