(ភ្នំពេញ)៖ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ​ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ដកចេញនូវស្លាកសញ្ញា «ពូថៅដៃ» ចេញពីលើផ្លូវល្បឿនលឿនរួចរាល់ហើយ។ ចំណាត់ការរបស់ក្រសួងនេះ បានធ្វើឡើងក្រោយ ក្រុមហ៊ុនបានដាក់ស្លាកសញ្ញានេះ ចង់សំដៅន័យថា «ហាមកាប់ឈើ និងកាត់របងការពារ​សុវត្ថិភាពនៅ​តាមផ្លូវល្បឿនលឿន» ហើយស្លាកសញ្ញានេះ ត្រូវបានប្រជាពលរដ្ឋយកទៅបង្ហោះតាមបណ្តាញសង្គមបង្ហាញការឆ្លល់យ៉ាងខ្លាំង។

លោក គង់ វិមាន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា «ដោយសារស្លាកសញ្ញា ពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំ និងក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននឹងដាក់មិនបានពិភាក្សា ជាមួយក្រសួង​ជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា ហាមកាប់ឈើ និងកាត់របងការពារសុវត្តិភាពផ្លូវ។ ដោយមានចម្ងល់ជាច្រើន ពីបងប្អូនតាមបណ្ដាញទំនាក់ទំនង​សង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានឲ្យក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ»

លោក គង់ វិមាន ក៏បានសុំការអធ្យាស្រ័យដែលក្រុមហ៊ុនមានការភ័ណ្ឌច្រឡំដោយអចេតនានេះ និងសូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿនបាន ប្រកបដោយ​សេចក្តី​សុខសុវត្ថិភាព និងជួយលើកតម្កើងសមិទ្ធិផលជាតិយើងទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា ពាក់ព័ន្ធ​នឹងរឿងពលរដ្ឋលួចកាត់របងលួងនៅសងខាងផ្លូវល្បឿនលឿននេះ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមមន្ដ្រីបច្ចេកទេសក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ បានចុះត្រួតពិនិត្យ និងចុះណែប្រជាពលរដ្ឋឲ្យ​បញ្ឈប់​សកម្មភាពជាបន្ទាន់ផងដែរ ហើយបើសិននៅបន្តសកម្មភាពទាំងនេះទៀតនោះ នឹងប្រឈមតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ៕