(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ មកពី៣ឃុំ ក្នុងស្រុកទឹកឈូ ដែលបានរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ធ្វើឱ្យខូចខាត និងដួលរលំផ្ទះសំបែង ប្រមាណ៥១៣គ្រួសារ កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។

ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែគ្រោះធម្មជាតិនេះ មិនបង្កឱ្យពលរដ្ឋណាម្នាក់រងការបាត់បង់ជីវិត ឬរងរបួសនោះទេ។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់ មិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីនោះទេ។

លោក ម៉ៅ អនិន បានបន្តថា ដោយមានការចង្អុលបង្ហាញ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាឱ្យអាជ្ញាធរខេត្តទាំងអស់បង្កើនការយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅក្នុងរដូវវស្សានេះ ទើបក្រុមការងារកាកបាទក្រហម ក្រោយបានទទួលដំណឹងថា ប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ ទទួលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ភ្លាមៗនោះក្រុមការងារ មិនបានបង្អង់យូរទេ បានរៀបចំជាស្បៀងអាហា និងថវិកាមួយចំនួនទាំងយប់ដើម្បីមកសួរសុខទុក្ខ និងសម្តែងការចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះក្នុងហេតុការណ៍ខាងលើ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិផ្សេងៗ ដែលអាចនឹងកើតមានឡើងនៅក្នុងរដូវវស្សានេះ ហើយក៏ត្រូវតាមដានសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីត្រៀមលក្ខណៈ បង្ការគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុដោយគ្រោះធម្មជាតិ។

លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងក្នុងរបាយការណ៍ថា កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច ផ្ទៃមេឃចាប់ផ្តើមងងឹត និងមានភ្លៀងធ្លាក់ រួមនឹងខ្យល់កន្ទ្រាក់ផង បានបោកបក់មកលើឃុំចំនួន៣ នៃស្រុកទឹកឈូ រួមមាន ឃុំត្រពាំងព្រីង ឃុំកណ្តោល និងឃុំត្រពាំងសង្កែ ដែលបណ្តាលឱ្យខូចខាតផលដំណាំ និងផ្ទះសំបែងប្រជាពលរដ្ឋ សរុប៥១៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋ ចំនួន ៩គ្រួសារ បានរង់គ្រោះធ្ងន់ធ្ងរដោយសាររលំផ្ទះទាំងស្រុង។

អំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះ សម្រាប់គ្រួសាររងគ្រោះមធ្យមចំនួន ៥០៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, មី ១កេស និងថវិកា ៥ម៉ឺនរៀល។ ចំណែកឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ២យួរ, សង្កសី១០០សន្លឹក និងថវិកាចំនួន ២លានរៀល។

ក្នុងឱកាសនោះ លោកអភិបាលខេត្តកំពត ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន អង្ករ ១០០គីឡូក្រាម, ទឹកត្រី ២យួរ, ត្រីខ ២០កំប៉ុង, មី ២កេស និងថវិកា ៥០ម៉ឺនរៀលផងដែរ៕