(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Rune Kristian Dale-Andresen នាយកជំនួយរបស់ប្រជាជនន័រវែស (NPA) ប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសន័រវែស ដែលបានឈរជាមួយកម្ពុជា រយៈពេល៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដោយចាប់ផ្តើមកម្មវិធី សកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។ NPA ក៏ជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងក្នុងការចូលរួមដល់ការងារបោសសម្អាតមីន/គ្រាប់បែកចង្កោម គាំទ្រដល់ការកសាងសមត្ថភាពដល់អាជ្ញាធរមីន ការគ្រប់គ្រង និងការសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។

លោកបន្តទៀតថា រយៈពេល ៣០ឆ្នាំនេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការប្រែប្រួលយ៉ាងខ្លាំងស្របនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយការស្រាវជ្រាវមិនបច្ចេកទេស (Land Release Non-Technical Survey_LRNTS) ត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលប់បំបាត់ និងកាត់បន្ថយផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយមិនបាច់ធ្វើការបោសសម្អាត និងអាចរំដោះផ្ទៃដីបានចាប់ពី ២៥% ដល់ ៣០%។ លោកបានស្នើសុំឲ្យ NPA បន្តពង្រីកបន្ថែមនូវក្រុម LRNTS ដើម្បីជួយពន្រ្លឿនដល់ការងារកាត់បន្ថយផ្ទៃដីមានមីន /គ្រាប់ឲ្យកាន់តែឆាប់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ NPA សហការជាមួយអាជ្ញាធរមីន រៀបចំកិច្ចប្រជុំស្តីពីគម្រោងការស្រាវជ្រាវមិនបច្ចេកទេស ជាមួយដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីកំណត់នីតិវិធីរំដោះផ្ទៃដីឆ្ពោះទៅដល់ការបោសសម្អាតមីនឲ្យអស់ឆ្នាំ២០២៥។

លោក Rune Kristian Dale-Andresen បានលើកឡើងថា បច្ចុប្បន្ននេះ NPA បានជួយដល់ការអនុវត្តគម្រោងការស្រាវជ្រាវមិនបច្ចេកទេស ដោយសហការជាមួយ UNDP ហើយបាននឹងកំពុងស្វែងរកធនធាន បន្ថែមដើម្បីបន្តការគាំទ្រដល់នីតិវិធី LRNTS ពីសហគមន៍ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍។ លោកបន្តទៀតថា NPA នឹងបន្តការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន/គ្រាប់ និងការកសាងសមត្ថភាពសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ៕