(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៩២ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារតែទឹកជន់លិចផ្លូវ។

យោងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖ «ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើងរហូតកម្រិតប្រកាសអាសន្ន មិនអាចធ្វើចរាចរណ៍បានចំពោះរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១ (ចំណុចក្បាលដំរី) ក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ»។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទទាំងអស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ៖