(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ បាន​ប្រគល់ផ្ទះ១ខ្នង ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា ជូនអតីតយុទ្ធជនចូលនិវត្តន៍ នៅភូមិ​កំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ​។​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ លោកអនុសេនីយ៍ឯក សៅ ឌុំ អាយុ៧៣ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានក្រសួងការពារជាតិ ដាក់ឱ្យចូលនិវត្តន៍តាមការកំណត់នៅឆ្នាំ១៩៩៦។

លោកអនុសេនីយ៍ឯក សៅ ឌុំ មានភរិយា និងមានកូនក្នុងបន្ទុកចំនួន៤នាក់ បច្ចុប្បន្ន​មាន​ជម្រកស្នាក់នៅ​មិន​សមរម្យ​។ ដោយ​ឃើញ​ពី​ការ​លំបាក​នេះ​ អាជ្ញាធរ​ដែនដី​ និងក្រុមការងារ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ម្ពុជា ខេត្តកំពង់​ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មី១ខ្នង ដែលជាផ្ទះទី២១៣ ​ជាអំណោយរបស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត តាម​រយៈទេសរដ្ឋមន្រ្តី​ គន់​ គីម​ ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។​

នៅ​ក្នុងឱកាសនេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់​សូម​រួម​គ្នា​ចូលរួម​អនុវត្ត​ន៍​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព ពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុស​ច្បាប់​ និង​ត្រូវ​ខិតខំ​ដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងប្រកប​មុខរបរ​រកទទួលទានដោយសុច្ចរិតទៀងត្រង់​ និងត្រូវបន្ត​អនុវត្តន៍ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការការ​ពារ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនក្រុមគ្រួសាររបស់និវត្តន៍ជនបន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៉ីវ​ចំនួន ​២យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា៖ ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ។

អតីតយុទ្ធជនសោធននិវត្តន៍រូបនេះ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត​ និង​សូម​គោរព​ជូន​ពរ​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែពុទ្ធពរទាំង ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង​បានប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សម្តេច​តេជោ​ ហ៊ុន សែន លុះ​អវសាន្តជីវិត​៕