(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានចាត់លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ក្រុមប្រតិបត្តិសាខា បានអញ្ជើញទៅដល់គេហដ្ឋានផ្ទាល់ ដើម្បីចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ក្រុមគ្រួសារសព អនុសេនីយ៍ឯក ឈន ស៊ីដេត បំពេញការងារក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងក្រុមគ្រួសារសពអនុសេនីយ៍ឯក វ៉ាន់ ថុល បំពេញការងារក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤២ ដែលបានទទួលមរណភាពក្នុងការជួយសង្គ្រោះក្មេង២នាក់ កាលទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោក អ៊ុយ សំអាត បាននាំយកសាររំលែកទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារសព និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ប្រកបដោយក្តីអាឡោះអាល័យ។ មរណភាព អនុសេនីយ៍ឯក ឈន ស៊ីដេត និងអនុសេនីយ៍ឯក វ៉ាន់ ថុល គឺជាការបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ប្រកបដោយកតញ្ញុតាធម៌ចំពោះ ឪពុក ម្តាយ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរៈយុទ្ធជនក្នុងវិស័យកងទ័ពពីររូបដ៏អង់អាចក្លាហាន ខិតខំប្រឹងប្រែងជួយសង្រ្គោះជីវិតក្មេងប្រុសលង់ទឹក រហូតបាត់បង់អាយុជីវិតផ្ទាល់ខ្លួន ក្នុងពេលបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារប្រជាជន និងប្រទេសជាតិ។

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងថ្នាក់ដឹកនាំ មន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ឈន ស៊ីដេត និងអនុសេនីយ៍ឯក វ៉ាន់ ថុល បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕