(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ នៅរាជធានីភ្នំពេញ ដោយសហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៉ីបូព៌ា និងលេខាធិការដ្ឋានអាស៊ាន។ នេះជាលើកដំបូងដែលសន្និសីទនេះត្រូវបានរៀបចំឡើងវិញដោយផ្ទាល់ នៅបន្ទាប់ពីការលុបចោលនូវការរឹតបន្តឹងនៃការធ្វើដំណើរដោយការរីករាលដាល នៃជំងឺកូវីដ-១៩ និងមានអ្នកចូលរួមជាង ១៦០នាក់ រួមមាន៖ សមាជិកនៃគណៈកម្មាធិការសម្របសម្រួលស្តីពីការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee) តំណាងមកពី ស្ថាប័ននិងអង្គភាពតាមវិស័យនានារបស់អាស៊ាន ដៃគូអាស៊ាន អង្គភាពពហុភាគី ព្រមទាំងវិស័យឯកជន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា ក្រោមមូលបទស្តីពី «ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ» វាគ្មិនដែលបានអញ្ជើញមកពីមជ្ឈដ្ឋាននានា ពីស្ថាប័នរដ្ឋ ក្រុមបញ្ញាជន អង្គភាពប្រឹក្សាយោបល់ និងធនាគារអភិវឌ្ឍន៍ពហុជាតិ បានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាបច្ចុប្បន្ននិងនិន្នាការដែលកំពុងលេចឡើង ក្នុងបរិបទនៃការងើបឡើងវិញក្រោយជំងឺរាតត្បាត ក៏ដូចជាបញ្ហាប្រឈមដែលអាស៊ានជួបប្រទះក្នុងការអភិវឌ្ឍរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។

សន្និសីទដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ ក៏បានពិភាក្សាអំពីវិធីសាស្រ្តពង្រឹងភាពជាដៃគូស្ដីពីការតភ្ជាប់អាស៊ានជាមួយភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងភាពច្នៃប្រឌិតក្នុងវិស័យឌីជីថល ដែលអាចបង្កើតនិងពង្រឹងបណ្តាញការងារតំបន់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានមួយប្រកប ដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងការតភ្ជាប់គ្នាយ៉ាងល្អ។

តាមរយៈសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់តំបន់។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា អនាគតនៃតំបន់នេះនឹងពឹងផ្អែកលើឧត្តមភាពប្រកួតប្រជែងតំបន់របស់យើង ដែលអាចកើតមានឡើងបានដោយការតភ្ជាប់យ៉ាងល្អនៅក្នុងតំបន់ ដែលមានសកម្មភាពរួមគ្នា។ សង្វាក់ផ្គត់ផ្គង់តំបន់របស់យើង តម្រូវរក្សានូវភាពស័ក្តសិទ្ធិនិងភាពធន់រឹងមាំ។ អាស៊ានត្រូវទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តើមគំនិតផ្តួចផ្តើមស្តីពីការតភ្ជាប់និងគម្រោងសហប្រតិបត្តិការនានាពេញក្នុងតំបន់។ សម្រាប់អាស៊ាន អភិក្រមនេះ គឺការទាញយកឲ្យបានជាអតិបរមានូវការបំពេញគ្នាទៅវិញទៅមករវាងគំនិតផ្ដួចផ្ដើមនានា ដែលមានស្រាប់ស្តីពីការតភ្ជាប់ ដើម្បីចំរាញ់យកតម្លៃបន្ថែមដែលចាំបាច់។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការចូលជាធរមាននៃកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើម និងដែលដឹកនាំសេដ្ឋកិច្ចតំបន់របស់យើង។ នៅមានភាពចាំបាច់ ក្នុងការតម្រែតម្រង់ទិសផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) ដើម្បីធានាថា ផែនការមេនេះនឹងដើរតួនាទីជាចំណុចស្នូលក្នុងការតភ្ជាប់ជាយុទ្ធសាស្រ្តរវាងគំនិតផ្ដួចផ្ដើមផ្សេងៗ នៅក្នុងតំបន់ ក្នុងការទ្រទ្រង់អាស៊ានដែលប្រកបដោយភាពធន់រឹងមាំ ចិរភាព និងបរិយាប័ន្ន។

អគ្គលេខាធិការអាស៊ាន លោក លឹម ចុកហុយ (Lim Jock Hoi) បានគូសបញ្ជាក់នូវភាពចាំបាច់អាស៊ានក្នុងការប្រែក្លាយតំបន់នេះជាតំបន់ដែលមានភាពធន់រឹងមាំ អាចបត់បែនបាន និងមានភាពឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្ដូរជានិច្ចកាល។ លោកអគ្គលេខាធិការបានបន្ថែមថា ខណៈពេលដែលយើងបន្តរៀបចំផែនការសម្រាប់អនាគត យើងក៏ត្រូវកសាងនូវភាពភ្ជាប់គ្នារវាងអនាគតជាមួយសកម្មភាពដែលយើងកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ន។

លោកអគ្គលេខាធិការបានបន្ថែមទៀតថា អាស៊ានត្រូវតែធ្វើការជាមួយដៃគូទាំងអស់ ទោះសម្រាប់រយៈពេលខ្លី មធ្យម និងវែង និងបានពន្យល់ថា ធនធានទាំងអស់ដែលដៃគូរបស់យើងបានប្រើប្រាស់នៅក្នុងការ វិនិយោគក្នុងតំបន់យើងនេះនឹងផ្ដល់អត្ថប្រយោជន៍ទៅពួកគេវិញទៅតាមទំហំដែលធនធានទាំងនោះ បានផ្ដល់ផលប្រយោជន៍មកអាស៊ាន។

ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យ ហីដេតូស៉ី នីស៉ីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៉ីបូព៌ា បានរំលេចអំពីសារសំខាន់នៃការតភ្ជាប់ផ្នែកឌីជីថល ក្នុងការអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025)។ លោកសាស្រ្តាចារ្យ បានយោងទៅលើការងាររបស់វិទ្យាស្ថានស្រាវជ្រាវ ស្ដីពីផែនការអភិវឌ្ឍអាស៉ីគ្រប់ជ្រុងជ្រោយដំណាក់កាលទី៣ ដែលផែនការនេះបានគូសបញ្ជាក់យុទ្ធសាស្រ្ត សម្រាប់បង្កើតនូវសេដ្ឋកិច្ចមួយដែលប្រកបដោយសមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និងចិរភាពច្រើនជាងមុន នៅក្នុងតំបន់ អាស៊ាន និងអាស៉ីបូព៌ា តាមរយៈការលើកស្ទួយការតភ្ជាប់ផ្នែករូបវ័ន្ត និងផ្នែកឌីជីថលនៅក្នុងតំបន់។

លោកសាស្រ្តាចារ្យបានបង្ហាញការជឿជាក់យ៉ាងខ្លាំងថា ផែនការអភិវឌ្ឍអាស៉ីគ្រប់ជ្រុងជ្រោយដំណាក់កាលទី៣នេះ នឹងរួមចំណែកធ្វើឲ្យការតភ្ជាប់តំបន់អាស៊ានក្រោយឆ្នាំ២០២៥ កាន់តែស៉ីជម្រៅ។

សន្និសីទស្ដីពីការតភ្ជាប់អាស៊ាន ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារសំខាន់ ដែលបានចាប់ផ្ដើមប្រព្រឹត្តឡើងដំបូងនៅឆ្នាំ២០១០ ហើយសន្និសីទនេះនឹងបន្តជាវេទិកាមួយសម្រាប់ឲ្យដៃគូពាក់ព័ន្ធទាំងអស់អាចស្គាល់ និងកំណត់នូវវិស័យនៃកិច្ចសហប្រតិបត្តិការប្រកបដោយសក្ដានុពល ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈការតភ្ជាប់អាស៊ានកាន់តែទូលំទូលាយ៕