(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ (គ.ជ.គ.ម.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្ដល់សុពលភាពលើឯកសារបច្ចេកទេស នៃការត្រៀមរៀបចំហិរញ្ញវត្ថុគ្រោះមហន្តរាយ ការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខណ្ឌការស្ដារឡើងវិញពីគ្រោះមហន្តរាយ លើវិស័យដឹកជញ្ជូន។

សិក្ខាសាលានេះ ក៏មានការចូលរួមពីលោកស្រី Jyotsana Varma តំណាង ADB និងជានាយកប្រចាំប្រទេសនៅកម្ពុជា, អគ្គលេខាធិការរង គ.ជ.គ.ម និងសមាជិកក្រុមការងារ គ.ជ.គ.ម., តំណាងក្រសួងពាក់ព័ន្ធ, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរមួយចំនួន ព្រមទាំងតំណាងអង្គការដៃគូពាក់ព័ន្ធផងដែរ សរុបប្រមាណ៥០នាក់ ដែលក្នុងនោះមានចូលរួមសិក្ខាសាលផ្ទាល់ និងចូលរួមតាមរយៈអនឡាញ។

លោក ឡាំ ហេងហួត តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. មានសេចក្ដីសោមនស្សក្រៃលែង ដោយចូលរួមក្នុងសិក្ខាសាលាខាងនេះ ដែលបានសហការរៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ លោកបានសម្ដែងនូវអំណរសាទរ និងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. UNDP និង ADB ដែលបានរៀបចំសិក្ខាសាលានេះឡើងរួមចំណែកយ៉ាងសំខាន់ ដើម្បីត្រៀមរៀបចំស្ដារឡើងវិញ ក្នុងករណីមានគ្រោះទឹកជំនន់ដែលអាចនឹងកើតឡើងជាយថាហេតុក្នុងរដូវភ្លៀងនេះ។

លោកបានបញ្ជាក់បង្ហាញអំពី លទ្ធផលរំពឹងទុកទី៣ ក៏ដូចជាវឌ្ឍនភាពនៃលទ្ធផលការងារ បន្ទាប់ពីអនុម័តលើគម្រោងផ្តល់ជំនួយបច្ចេកទេសសម្រាប់បង្កើនចំណេះដឹង និងផ្តល់ការគាំទ្រ (KSTA) ដែលមានឈ្មោះថា «គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធន់ទៅនឹងគ្រោះមហន្តរាយ» ដែលចូលរួមសហការដោយ គ.ជ.គ.ម. UNDP និង ADB។

បន្ថែមពីនេះ លោក ឡាំ ហេងហួត បានថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រី ដែលបានចូលរួមកិច្ចប្រជុំសិក្ខាសាលានាព្រឹកនេះ ជាពិសេសលោកបានណែនាំ ក៏ដូចជាស្នើសុំឲ្យ ក្រុមការងារដែលចូលរួមនៅក្នុងកិច្ចការងារនេះទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ខិតខំអស់ពីកម្លាំងកាយចិត្ត សហការគ្នាឲ្យបានល្អដើម្បីសម្រេចបាននូវលទ្ធផលដូចទៅនឹងលទ្ធផលរំពឹងទុក៕