(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយខេត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន១៤០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកសណាន់ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ទឹកជំនន់នេះធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើរ និងការប្រកបមុខរបរការងារប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយការចែកអំណោយទាំងនេះ គឺមិនបានចែកគ្រប់គ្នានោះទេ ដោយសារអាជ្ញាធរស្រុក ត្រូវយកតែអ្នកដែលប៉ះពាល់ខ្លាំង មានជីវភាពទន់ខ្សោយជាងគេ ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់។

នៅក្នុងឱកាសនោះ លោក ងួន រតនៈ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋមានការខ្វះខាត និងបានខិតខំកៀរគរស្វែងរកជំនួយពីសប្បុរសជននានាទាំងថវិកា និងសម្ភារ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណកងកម្លាំងមានសមត្ថកិច្ច ដែលបានជួយសម្រួលចរាចរណ៍ និងដាក់កម្លាំងប្រចាំការនៅកន្លែងដែលមានគ្រោះថ្នាក់ទឹកហូរខ្លាំងលើដងផ្លូវ និងតំបន់ផ្សេងៗ។

លោក ងួន រតនៈ បន្តទៀតថា នៅចំពោះមុខ រដ្ឋបាលខេត្តបានបន្តស្រង់ទិន្នន័យគ្រប់ក្រុងស្រុក ដើម្បីធ្វើលើខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ជួយផ្ដល់ស្បៀងបន្តទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាក ដោយសារទឹកជំនន់។ លោកថា សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេសៈ។

អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវស្បៀងក្នុងឱកាសនេះ។

ចុងក្រោយ អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួប គណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាពបន្តទៀត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងទឹកបរិសុទ្ធ៕