(ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ នៅក្នុងវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានស្នើឲ្យអាជ្ញាធរ ជួយដោះស្រាយសំណូមពរជាច្រើន ពិសេសឲ្យជួយកសាងហេដ្ឋារចនាសម្ព័ន្ព នៅក្នុងមូលដ្ឋានពួកគាត់។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានី តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានី និងលោក រស់ សូផាន់ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។

ក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើន ដូចជាសុំការស្ថាបនាផ្លូវ លូ សុំឲ្យមានការពន្យល់ពីការបង់ថ្លៃសំរាម តាមប្រព័ន្ធអនឡាញ សុំតបណ្ដាញទឹកស្អាត សុំកាត់បន្ថយ គ្រូបង្រៀនយកមុខ វិជ្ជាល្អៗ ទៅបង្រៀនគួរ មិនយកមកបង្រៀន នៅក្នុងកម្មវិធីសិក្សាក្នុងសាលា និងមួយចំណុចទៀត គឺការសូមឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង និងការលុបបំបាត់ការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ នៅតែមានការលួចលេងល្បែងស៊ីសង បៀរ កន្ទុយលេខដដែរ។ ដូច្នេះពួកគាត់ស្នើសូមឲ្យលុបបំបាត់ឲ្យអស់។ ចំណែកគ្រឿងញៀនក៏ដូច្នេះដែរ សូមលុបបំបាត់ឲ្យបាន ពិសេសគឺការបង្ក្រាបអ្នកជួញដូរគ្រឿងញៀនតែម្តង។

លោក ម៉ប់ សារិន បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតប នឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់ របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំ ជាប់គ្នានេះ ត្រូវបានខកខាន ដោយការរាតត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច។

លោក ហួត ហៃ បានថ្លែងថា សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន១៩នាក់ ស្មើនឹង៣២បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រ ចំនួន៧៦បញ្ហា។

លោកបន្តថា រាល់បញ្ហាដែលបានលើកឡើង របស់បងប្អូនអាជ្ញាធររបស់យើង ពិតជាបានដឹង និងមានវិធានការមួយចំនួនរួចហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនឹងធ្វើការដោយស្រាយជាបន្តបន្ទាប់ទៀត ពោលគឺអ្វីដែលដោះស្រាយបានយើងដោះស្រាយភ្លាម ហើយអ្វីដែលដោះស្រាយមិនបានភ្លាមយើងនឹងសុំគោលការណ៍ដោះស្រាយនៅពេលក្រោយទៀត។

លោកបន្តថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុច អសកម្មនា របស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕