(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀន ជិត២គីឡូក្រាម។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣៖១០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ត្រី មាស ហត, លោកវរៈសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរៈសេនីយ៍ទោ ស៊ី ម៉ារ័ត្ន នាយរងការិយាល័យ ក៥។

ក្នុងនោះ ក៏មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្រលសម្រួល ដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុកជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា៖

គោលដៅទី១៖ នៅចំណុច បណ្តោយផ្លូវR៦ (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ១០០ក្រាម។

គោលដៅទី២៖ នៅចំណុច បណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន១កញ្ចប់ធំ។

ជាលទ្ធផលសរុប៖ ឃាត់បានជនសង្ស័យ២នាក់ ឈ្មោះ ម៉ាន់ វន្ត័ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ សរុបវត្ថុតាងចាប់យកបាន៖ កេតាមីន (KETAMINE) ទម្ងន់សុទ្ធ១គីឡូ៨៤១.៩០ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕