(ឧត្តរមានជ័យ)៖ ថ្នាក់ដឹកនាំ និងកម្មករនិយោជិតទាំងអស់ នៃអគ្គិសនីកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពយុទ្ធជនពីររូប ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ការជួយសង្គ្រោះជីវិតក្មេងប្រុសពីការលង់ទឹក។ នេះបើតាមសាររំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

តាមរយៈសារលិខិតរំលែកទុក្ខ អគ្គិសនីកម្ពុជា បានសម្តែងនូវសេចក្តីសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបានបួងសួង ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ពលបាលឯក ឈុន ស៊ីដេត និងពលទោ វាន់ ថុន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោក កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បាននាំយកបច្ច័យចូលរួមបុណ្យសពយោធិនទាំង២រូបនោះ ដោយក្នុងមួយគ្រួសារចំនួន១០លានរៀលផងដែរ។

សូមជម្រាបថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន២នាក់ បានទៅបង់ត្រី នៅទីតាំងខាងលើក៏ប្រទះឃើញក្មេង២នាក់ កំពុងលង់ទឹកទើបចុះជួយសង្គ្រោះពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរគួចខ្លាំង បណ្ដាលឲ្យលង់ស្លាប់ទាំង២នាក់តែម្ដង។

យោធិនទាំង២រូបនោះ ទី១៖ ពលបាលឯក ឈន ស៊ីដេត អាយុ៣៩ឆ្នាំ អត្តលេខ ២៣៤៦៩០ និងទី២៖ ពលទោ វាន់ ថុន អាយុ២៣ឆ្នាំ អត្តលេខ ២៣៨១៤២៕