(ស្វាយរៀង)៖ លោក រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយរៀង បានជំរុញដល់អភិបាលរងថ្មីស្រុករំដួល ដែលទើបទទួលការតែងតាំងត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ​ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។

ការថ្លែងបែបនេះរបស់លោក រស់ ផារិទ្ធ ខណៈដែលលោកតំណាងលោក​ ម៉ែន​ វិបុល​ អភិបាលខេត្ត​​ អញ្ជើញប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុករំដួល២រូបរួមមាន៖ លោក​ស្រី​ តិច​ សុផា​ និងលោក​ សេក​ គឹមសាន នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុក លោកនាយករងទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង ៣ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំក្នុងស្រុករំដួល។

លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់គណៈអភិបាលស្រុក និងជួរគណៈអភិបាលស្រុកទាំងអស់ ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អពិសេសត្រូវមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។​

បន្ថែមលើសពីនេះលោកអភិបាលរងខេត្តស្វាយរៀង ក៏បានជំរុញដល់​រដ្ឋបាលស្រុក ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិ នៃជំងឺនេះ និងត្រូវជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀតទាំងដូសមូលដ្ឋាន និងដូសជំរុញ។

ជាមួយគ្នានេះ លោកណែនាំឲ្យចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជា ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

លោកបានបញ្ជាក់ថា ​រដ្ឋបាលស្រុកត្រូវជួយគាំទ្រដល់រដ្ឋបាលឃុំ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវា៕