(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន២២គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូននារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរួមកងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហមខេត្ត និងសហភាពសហព័ន្ធយុវជន ព្រមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ។

នាឱកាសនោះដែរ លោកស្រីអភិបាលខេត្ត បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយត្នចំពោះកូនៗតូច និងសត្វល្អិត និងសត្វអសិរពិសនានាដែលអាចបង្កគ្រោះដល់អាយុជីវិតបាន។

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ គឺក្នុងមួយគ្រួសារៗទទួលបាន៖ គ្រឿង ឧបភោគ បរិភោគ កៅស៊ូតង់សម្ភារប្រើប្រាស់ និងថរិកាមួយចំនួន៕