(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកជាយោបល់ ឱ្យតំបន់អាស៊ីសិក្សាអំពីមូលហេតុដែលធ្វើឱ្យវិស័យកីឡារបស់ខ្លួនទន់ខ្សោយ បើប្រៀបធៀបទៅនឹងទ្វីបដទៃទៀត។

ការផ្តួចផ្តើមនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា វិស័យកីឡារបស់ទ្វីបអាស៊ី ដែលមានប្រជាជនច្រើនជាងគេ បែរជាទន់ខ្សោយជាពិសេសបាល់ទាត់ ដែលសូម្បីតែការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក៏អាស៊ីមិនបានឡើងទៅដល់ផងទេ។

ថ្លែងក្នុងពិធីបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងដូច្នេះថា៖ «អាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយ ជាពិសេសបើពិនិត្យអំពីបាលទាត់»

សម្តេចបានលើកឡើងថា ក្នុងតំបន់អាស៊ីគ្រាន់តែចិន និងឥណ្ឌា មានប្រជាជនជិត៣ពាន់លាននាក់ ហើយបូករួមទាំងអាស៊ានប្រមាណ៦០០នាក់ទៀត គឺអាស៊ីមានប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់ សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏យើងពិបាកនឹងចូល។

សម្តេចបានបន្តថា «ឆ្នាំនេះយើងពិតជាមានមោទនភាពដោយសារតំបន់របស់យើង ត្រូវមានព្រឹត្តិការណ៍ World Cup យើងទទួលបានផ្លែផ្កាពី ការប្រកួតនៅទីនោះ ប៉ុន្តែអ្វីដែលយើងគួរសិក្សា តើមានមូលហេតុអ្វីខ្លះ ដែលប្រជាជនចំនួនដ៏ច្រើន យើងបែរជាកីឡាទន់ខ្សោយជាទ្វីបដទៃ បើប្រៀបធៀបនឹងអឺរ៉ុប ទ្វីបហ្រ្វិក និងអាមេរិកឡាទីន»។

សម្តេចតេជោ បានរំលឹកអំពប្រសាសន៍របស់សម្តេច នៅពេលជួបសំណេះសំណាលជាមួយកីឡាក៏ដែលចេញទៅប្រកួតនៅក្រៅប្រទេស ដែលសម្តេចបានលើកឡើងថា មិនប្រាកដថា ប្រទេសដែលមានប្រជាជនច្រើន វិស័យកីឡាខ្លាំងនោះទេ។

ក្រៅពីជំរុញឱ្យពង្រឹងសមត្ថភាពកីឡាអាស៊ី សម្តេចតេជោ ក៏បានជំរុញឱ្យពង្រឹងវិធានការក្រមសីលធម៌ក្នុងការប្រកួតកីឡាផងដែរ ដោយសារតែថ្មីមានសោកនាដកម្មកើតឡើងដូចជានៅប្រទេសឥណ្ឌូនេស៊ី នៅអឺរ៉ុប និងទ្វីបដទៃ។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «ដូច្នេះ វាជាការចាំបាច់ណាស់ ដែលការពង្រឹងនូវក្របខណ្ឌក្រមសីលធម៌ អំពីប្រកួត ដែលមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខណ្ឌនៃការប្រកួត ឬប្រើអំពើហិង្សានោះទេ»។ សម្តេចបន្តថា «យើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ ក្នុងការគ្រប់គ្រងខាងកីឡានោះទេ»